ឱបស្និទ្ធជាមួយ សេង រដ្ឋា លើកដំបូង ឃឹម ហ្សានីត ត្រូវភរិយាដាក់ចំៗឥតលាក់លៀម
ទោះជាមានភរិយាទៅហើយក្តី តែតារាសម្តែង និង ម៉ូដែលរូបសង្ហា ឃឹម ហ្សានីត នៅតែត្រូវប៉ាន់ក្នុងការថតរឿងនានា មិនថារឿងដុំឬរឿងភាគទូរទស្សន៍នោះទេ ហើយថ្មីៗនេះ លោកទើបតែក្តោបបានតំណែងជាតួឯកនៅក្នុងរឿងភាគ មួយជាមួយស្រីស្អាត សេង រដ្ឋា ទៀតផង ។
នេះជាលើកដំបូងដែលលោក ឃឹម ហ្សានីត ត្រូវសម្តែងជាមួយស្រីស្អាតរូបរាងតូចស្រឡូន សេង រដ្ឋា នៅក្នុងរឿងភាគទូរទស្សន៍មួយមានចំណងជើងថា «បាបស្នេហ៍អតីត» ។ ឆ្លងកាត់ការសម្តែងជាមួយស្រីស្អាតរាប់មិនអស់ តែមកប៉ះថតរូបកៀកកើយជាមួយ សេង រដ្ឋា ភរិយារបស់ លោក ឃឹម ហ្សានីត បែរជាលើកឡើងថា «រក្សាកម្លាតកុំឱបពេក នីសា ចាំនៅផ្ទះ» ។
ក្នុងនោះដែរ លោក ឃឹម ហ្សានីត បានតបជាមួយភរិយាវិញថា «រក្សាណាស់គម្លាតកុំបារម្ភអីណាម៉ាក់ នីសា» ។ ការឆ្លើយឆ្លងរបស់ប្តីប្រពន្ធតារារូបនេះ បានធ្វើឱ្យអ្នកគាំទ្រអស់សំណើចជាខ្លាំង តែយ៉ាងណានេះគ្រាន់ជាការចំអន់ស្វាមីលេងសើចប៉ុណ្ណោះ ព្រោះកន្លងមកលោក ឃឹម ហ្សានីត ធ្លាប់បញ្ជាក់ថា ភរិយារបស់លោកមិនចេះប្រចណ្ឌទេ ដោយនាងយល់ច្បាស់ពីការងាររបស់លោក ។
ដោយសារសមត្ថភាពសម្តែងបូកផ្សំនឹងរូបសម្បត្តិបានធ្វើឱ្យលោក ឃឹម ហ្សានីត ក្តោបបានការសម្តែងរឿងជាច្រើនក្នុងតំណែងជាតួសំខាន់ រួមទាំងស្ប៉តពាណិជ្ជកម្មជាច្រើនមិនចាញ់តារាស្រករក្រោយនោះឡើយ ។ អ្វីដែលពិសេសនោះតារារូបនេះតែងតែទទួលបានការលើកទឹកចិត្តពីសំណាក់ភរិយាថែមទៀតផង ៕