ភ្ញាក់ផ្អើល! ទើបតែដឹងថា សឿន ផានផាភួង មានកូនប្រុសអាយុ ១៩ ឆ្នាំម្នាក់ទៀត
កន្លងមកប្រិយមិត្តភាគច្រើនបានជ្រាបថា តារាសម្ដែងអ្នកនាង សឿន ផានផាភួង មានកូនស្រីធំទើបតែពេញរូបពេញរាងម្នាក់ឈ្មោះ អាង សុជាតា ហៅ ឈូឈូ ដែលកូនស្រីតារាស្រីរូបនេះ ក៏មានទេពកោសល្យផ្នែកសិល្បៈសម្ដែងយ៉ាងប៉ិនប្រសប់មិនចាញ់ម្ដាយប៉ុន្មាន ដោយបច្ចុប្បន្ន ឈូឈូ ក្លាយជាតារាសម្ដែងវ័យក្មេង កំពុងទទួលបានប្រជាប្រិយភាពយ៉ាងច្រើនពីសំណាក់ទស្សនិកជន ។
ដោយឡែកក្រៅពីតារាសម្ដែងវ័យក្មេង ឈូឈូ ដែលជាកូនស្រីបណ្ដូលចិត្ត តែតារាសាច់ចាំអ្នកនាង សឿន ផានផាភួង ក៏មានកូនប្រុសច្បងម្នាក់ទៀត ដែលទើបប្រារព្ធពិធីខួបកំណើតយ៉ាងធំដុំគួរឱ្យកត់សម្គាល់នៅភោជនីយដ្ឋានមួយកាលពីប៉ុន្មានថ្ងៃមុននេះ ហើយបើតាមការរៀបរាប់ដោយផ្ទាល់ពីកូនប្រុសច្បងតារាសម្ដែងខាងលើ លោកមានឈ្មោះ អាង ប្រុសពេជ្រ ឆ្នាំនេះធ្វើខួបកំណើតអាយុ ១៩ ឆ្នាំហើយ ។
នៅសុខៗតារាសម្ដែង សឿន ផានផាភួង ស្រាប់តែរៀបចំពិធីខួបកំណើតឱ្យកូនប្រុស ថែមទាំងអញ្ជើញភ្ញៀវទាំងក្នុង និង ក្រៅរង្វង់សិល្បៈចូលរួមច្រើនកុះករបែបនេះ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ ព្រោះមិននឹកស្មានថា អ្នកនាងមានកូនប្រុស-ស្រីធំៗពេញកំលោះក្រមុំអស់ទៅហើយបែបនេះទេ ។
តែយ៉ាងណា សឿន ផានផាភួង ក៏បានលើកឡើងថា កន្លងមកនាងធ្លាប់ប្រាប់គេហើយថា ប្រុសពេជ្រ ជាកូនប្រុសបង្កើតរបស់នាង ប៉ុន្ដែមិនសូវមានអ្នកជឿដោយយល់ថាជាក្មួយ ដូច្នេះនាងក៏បណ្ដោយតែម្ដងទៅ តែតាមការពិត ផាភួង បានបញ្ជាក់ច្បាស់ៗថា នាងមានកូនពីរនាក់ គឺប្រុសម្នាក់ និង ស្រីម្នាក់ ៕
រូបភាព៖ V Friend