អាណិត នាង គន្ធា ណាស់ មិនទាន់ជាស្រួលបួលផង ស្រាប់តែប្រឹងធ្វើរឿងនេះហើយ
បើទោះមិនទាន់ជាសះស្បើយពីជំងឺស្រួលបួលក៏ពិតមែន តែពេលនេះតារាចម្រៀងសម្បុរខ្មៅស្រអែម នាង គន្ធា បានវិលចូលមកច្រៀងវិញ ដោយពេលនេះនាងបានធ្វើដំណើរមកច្រៀងនៅខេត្តមណ្ឌលគីរីថែមទៀត ។ បើទោះជាមើលទៅទឹកមុខស្រស់ស្រាយ តែតារាចម្រៀងប្រចាំផលិតកម្មសាន់ដេររូបនេះ អះអាងថា មិនទាន់ជាសះស្បើយនៅឡើយទេ ។
នាង គន្ធា បានសម្តែងការអរគុណដល់អ្នកគាំទ្រដែលបានព្រួយបារម្ភពីសុខភាពរបស់នាងកន្លងមក ដោយនាងបានប្រាប់ថាបើទោះមិនទាន់ជាស្រួលបួលតែពេលនេះនាងបានធូរស្រាលច្រើន និង នៅបន្តការដាក់សេរ៉ូមថែមទៀត ។ នាង គន្ធា បានបន្ថែមថា នេះជាលើកដំបូងដែលនាងឈឺធ្ងន់បែបនេះ ដែលជំងឺរបស់នាងមានច្រើនមុខដូចជា ខ្វះជាតិស្ករ រលាកផ្លូវដង្ហើម និង មានមេរោគក្នុងឈាម ហើយធ្វើទុក្ខក្តៅខ្លួននៅពេលព្រឹក ។ នាង គន្ធា បានបន្តថាបើមិនខំប្រឹងប្រែងមកច្រៀងទាំងបែបនេះតើបាននរណាមកចិញ្ចឹម ។ ជាមួយគ្នានោះក៏មានការជូនពរពីសំណាក់ហ្វេនៗឱ្យ នាង គន្ធា ឆាប់បានជាសះស្បើយពីជម្ងឺជាច្រើនមុខនេះហើយខ្លះទៀតក៏បានលើកឡើងថាកុំប្រឹងពេកថែសុខភាពផង ។
ចុងក្រោយនេះគេសង្កេតឃើញថា តារាចម្រៀង នាង គន្ធា កាន់តែមានប្រជាប្រិយភាព ហើយសម្រស់ក៏ស្រស់ស្អាត និង មានការតែងខ្លួនប្លែកទាក់ទាញច្រើនជាងមុន ហើយពេលនេះនាងក៏មានឱកាសបានលេចមុខនៅក្នុងការថតស្ប៉តសម្អាងការផងដែរ ។ មិនខុសពីតារាដទៃដែរ នាង គន្ធា ក៏មានបទចម្រៀងថ្មីៗសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ៕