ឪពុក លី ច័ន្ទសីហា ដាច់ចិត្តទម្លាយចរិតពិត ឱក សុគន្ធកញ្ញា ក្រោយរួមការងារជាមួយលើកដំបូង
ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញឪពុករបស់តារាសម្តែង លី ច័ន្ទសីហា បានទម្លាយពីអត្តចរិតរបស់តារាចម្រៀងលំដាប់កំពូលប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា ក្រោយពីបានរួមការងារជាមួយគ្នាកាលពីពេលថ្មីៗនេះ ។
បើទោះមានវ័យជ្រេបន្តិចក្តី តែឪពុកតារាសម្តែង លី ច័ន្ទសីហា នៅតែមានទីផ្សារការងារជាបន្តបន្ទាប់ ដែលជារឿយៗលោកតែងលេចមុខនៅក្នុងការសម្តែងរឿងភាគនិង MV នានារបស់ទូរទស្សន៍ហង្ស មាស ។ ថ្មីៗនេះលោក លី សុខជន់ ក៏បានចូលរួមថត MV បទចម្រៀងរបស់ផលិតកម្មហង្សមាស សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយក្នុងនោះលោកបានចូលរួមសម្តែងជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណរាជ ផងដែរ ។
ដោយនេះជាលើកដំបូងក្នុងការសម្តែងជាមួយ ឱក សុគន្ធកញ្ញា លោក លី សុខជន់ បាននិយាយពីចរិតរបស់តារាចម្រៀងដែលជាប្អូនថ្លៃរបស់ម្ចាស់ផលិតកម្មហង្សមាសថា ៖ «ថ្ងៃនេះខ្ញុំបានថតជាមួយនឹងលំដាប់ស៊ុបភឺស្តារប្រចាំប្រទេស គួរឲ្យស្រឡាញ់ចូលចិត្តណាស់ មនុស្សដែលមិនចេះភ្លេចចរិតដើម ឋានៈឡើងកាន់តែខ្ពស់សុជីវធម៌ផ្ទាល់ខ្លួនរបស់គាត់កាន់តែល្អ សុភាពរាបសារ ទន់ភ្លន់ សមជានារីខ្មែរឥតខ្ចោះ» ។ ការលើកឡើងរបស់លោក លី សុខជន់ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ និង លើកឡើងថាពិតជាស័ក្តិសម និង កេរ្តិ៍ឈ្មោះជាតារាល្បីមែនគួរឱ្យស្រឡាញ់ណាស់ ៕