កែវ កល្យាណ សង្ឃឹមរឿងមួយនេះ ក្រោយកូនស្រីសំណព្វចេញសម្តែង
ទោះជាមិនមានវត្តមាននៅលើវិថីសិល្បៈដូចកាលពីដើមក៏ពិតមែន ប៉ុន្តែតារាសម្តែងជើងចាស់ កែវ កល្យាណ នៅតែទទួលបានការគាំទ្រ និង នឹករឭកយ៉ាងខ្លាំងពីសំណាក់មហាជន រហូតធ្វើឲ្យអ្នកគាំទ្របានចូលទៅតាមដានជីវិតឯកជននៅលើបណ្តាញគណនីហ្វេសប៊ុករបស់អ្នកនាង ។
យ៉ាងណាមិញ កាលពីពេលកន្លងមកអ្នកគាំទ្រតារាសម្តែងល្បីឈ្មោះជំនាន់ ៨០ និង ៩០ រូបនេះ បានដឹងហើយថា ទោះជាអ្នកនាងមិនហក់ចូលវិថីសិល្បៈវិញ ប៉ុន្តែអ្នកនាងបានជួយជ្រោមជ្រែងកូនស្រីខ្លួនមានឈ្មោះ កែវ ឡាវិញ ឲ្យចាប់យកគន្លងជាសិល្បការិនីដូចខ្លួនផងដែរ ។
បច្ចុប្បន្ននេះដែរ តារាស្រីវ័យក្មេង កែវ ឡាវិញ ដែលជាកូនស្រីបង្កើតរបស់តារាសម្តែងជើងចាស់ខាងលើនេះ ក៏កំពុងតែចាប់ផ្តើមលេចមុខលេចមាត់នៅក្នុងអាជីពសិល្បៈ មានទាំងការសម្តែងរឿង ពិធីការិនី និង ស្ប៉តពាណិជ្ជកម្មនានាផងដែរ ។ លើសពីនោះ មហាជនបានសង្កេតឃើញថា តារាស្រីជំនាន់ថ្មី កែវ ឡាវិញ គឺពិតជាមានទេពកោសល្យសិល្បៈ និង សម្រស់ស្រស់ស្អាតដូចអ្នកម្តាយយ៉ាងដូច្នោះ ។
តួយ៉ាងថ្មីៗនេះដែរ ក្រោយពីកូនស្រីបានបង្ហាញវត្តមានក្នុងការសម្តែងខ្សែភាពយន្តភាគនៅលើកញ្ចក់ទូរទស្សន៍មួយនោះ តារាសម្តែងជើងចាស់ កែវ កល្យាណ ក៏បានបង្ហោះសារមួយឃ្លាផ្ញើជូនទៅដល់អ្នកគាំទ្រឱ្យជួយគាំទ្រដល់កូនស្រីឲ្យដូចកាលគាំទ្រអ្នកនាង ។ លើសពីនោះ អ្នកនាងក៏សង្ឃឹមថាអ្នកគាំទ្រ នឹងចូលរួមកែតម្រូវចំណុចខ្វះខាតរបស់ កែវ ឡាវិញ ផងដែរ ៕