គ្មានឱ្យជាន់មួយឈុតទេ! រចនា រ៉ាវាឌី ស្លៀកឈុតណាក៏សម ព្រោះមានអ្នកច្នៃម៉ូដពិសេស
មហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានដឹងមកហើយពីសមត្ថភាពសិល្បៈ និង សម្រស់ដ៏ស្រស់ស្អាតរបស់តារាសម្តែង និង បង្ហាញម៉ូដវ័យក្មេង រចនា រ៉ាវាឌី នៅក្នុងវិថីសិល្បៈនាពេលបច្ចុប្បន្ន ។ ក្នុងនោះ តារាស្រីវ័យ ២០ ឆ្នាំ រូបនេះ ធ្លាប់បានមហាជនអ្នកគាំទ្របានលើកឡើងថា មានទម្រង់មុខស្រដៀងទៅនឹងតារាស្រីល្បីថៃ នាង Kimberley ថែមទៀតផង ។
យ៉ាងណាមិញ បើក្រឡេកទៅមើលស្ទីលនៃការតុបតែងខ្លួនរបស់ រចនា រ៉ាវាឌី វិញ លោកអ្នកប្រាកដជាបានដឹងហើយថា តារាស្រីរូបនេះមានអំណោយផលទាំងព្រមនូវសម្រស់ រូបរាងកម្ពស់កម្ពរ ដែលជាផ្នែកធ្វើឲ្យ រចនា រ៉ាវាឌី ឆក់បានទីផ្សារសិល្បៈយ៉ាងច្រើនស្ទើរគ្រប់វិស័យ ទាំងវិស័យដើរម៉ូដ វិស័យខ្សែភាពយន្ត ការថតផ្សព្វផ្សាយជាច្រើន និង ក្លាយទៅជា Brand Ambassador របស់ក្រុមហ៊ុនជាច្រើនទៀតផង ។
តួយ៉ាង រចនា រ៉ាវាឌី ត្រូវបានមហាជនអ្នកគាំទ្រ និង អ្នកនិយមតាមដានផ្នែក Fashion ឯណេះវិញ ក៏បានលើកឡើងដែរថា តារាស្រីរាងខ្ពស់ស្រឡះរូបនេះ ពិតជាប្រសប់រកម៉ូដសម្លៀកពាក់យ៉ាងស្លៀកយ៉ាងស័ក្តិសមរាល់គ្រប់កម្មវិធី មិនថាតែឈុតសម័យ ឬ បុរាណនោះឡើយ ។
រចនា រ៉ាវាឌី បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា រាល់ម៉ូដសម្លៀកបំពាក់ដែលស្អាតៗ ប្លែកៗ ដែលនាងបានស្លៀករាល់គ្រប់កម្មវិធីនោះ គឺមានការច្នៃម៉ូដពីសំណាក់ជាងកាត់ដេរជាច្រើនដែលមានជំនាញ ហើយម៉ូដនីមួយៗភាគច្រើនគឺមានការច្នៃប្រឌិតពីគំនិតអ្នកច្នៃម៉ូដជាកូនខ្មែរទៀតផង ។ តស់! ទស្សនាម៉ូដសម្លៀកបំពាក់របស់ រចនា រ៉ាវាឌី ស្អាតៗខាងក្រោមនេះ៖