ព្រោះមូលហេតុនេះ សួស វីសា សុខចិត្តច្រានចោលការច្រៀងតាមឆាកតន្ត្រី
បើទោះបីចាប់ផ្តើមប្រកាសវិលចូលសិល្បៈវិញ និង ចាប់ផ្តើមថតបទចម្រៀងថ្មីៗជាបន្តបន្ទាប់ក៏ពិតមែន តែពេលនេះតារាចម្រៀង សួស វីសា បែរជាច្រានចោលការច្រៀងនៅតាមឆាកតន្ត្រីនានា ដែលធ្វើឱ្យហ្វេនមានការខកចិត្តជាខ្លាំង ប៉ុន្តែយ៉ាងណាគេរំពឹងថា សួស វីសា នឹងបង្ហាញមុខជាថ្មីម្តងទៀតនៅក្នុងពេលឆាប់ៗនេះ ។
មិនមែនមិនចង់ឡើងច្រៀងតាមឆាកតន្រ្តីនៅតាមស្ថានីយទូរទស្សន៍ដូចមុនឡើយ តែពេលនេះម៉ាក់ អូនចេនី មានហេតុផលផ្ទាល់ខ្លួន ពោលគឺសព្វថ្ងៃនាងពុំទាន់មានភាពជឿជាក់ដូចមុន ដោយក្នុងនោះ សួស វីសា បានបញ្ជាក់ពីហេតុផលដែលនាងធីបចោលការច្រៀងតាមកញ្ចក់ទូរទស្សន៍ថា «សុំទោសចំពោះបងៗអ្នករៀបចំកម្មវិធីប្រគុំតន្រ្តីនានា ដែលខ្ញុំបដិសេធរាល់ការអញ្ជើញ ព្រោះបេីពេលនេះខ្ញុំមានរាងប្រហែលតែក្នុងរូបថតនេះ ខ្ញុំនឹងទទួលឡេីងច្រៀង ឡេីងរាំមិនប្រកែកទេ តែបេីឥឡូវចង្កេះនៅក្លៀក ក្លៀកនៅកនៅឡេីយ តេីឱ្យទៅហក់លោតរាំច្រៀងតាមណា បងខ្ញុំសុំពេលកន្លះខែទៀតអូខេ? ព្រោះឥឡូវស្រកបាន ២០ គីឡូហេីយ សុំ ៥ គីឡូទៀត» ។
បើទោះបី ជាមានរូបរាងទ្រលុកទ្រលន់ជាងមុនបន្តិចក្តី តែនៅតែមានការសរសើរថា សួស វីសា កាន់តែស្អាតជាងមុន ហើយហ្វេនៗខ្លះក៏បានជូនពរឱ្យនាងឆាប់បានស្រកគីឡូដូចបំណងឆាប់ៗផងដែរ ។
ថ្វីដ្បិតមិនមែនជាតារាចម្រៀងលំដាប់កំពូលនៅក្នុងផលិតកម្មហង្សមាសក៏ពិតមែនតែ សួស វីសា ក៏ទទួលបានការគាំទ្រពីសំណាក់ហ្វេនៗជាច្រើន ព្រោះនាងជាតារាដែលមានសំឡេងពីរោះមិនថាបទពីដើម ឬ បទសម័យថ្មី ហើយបើនិយាយពីការលេងខ្លួនក៏មិនអន់ប៉ុន្មានដែរ ។ រហូតមកដល់ពេលនេះ សួស វីសា នៅពុំទាន់មានឱកាសក្នុងការសម្តែងរឿង ឬ ក្តោបតំណែងធំដូចមិត្តភក្តិរួមផលិតកម្ម ផន ស្រីខួច នៅឡើយទេ ៕