ខែលាភជ័យ អេននី ហ្សាម ទទួលកាដូបញ្ចាំចិត្តពីគូស្នេហ៍ស្រី ២ ដងជាប់គ្នា ក្នុងខែកុម្ភៈនេះ
ចាប់តាំងពីក្លាហានហ៊ានបើកបង្ហាញពីជីវិតឯកជនពាក់ព័ន្ធនឹងទំនាក់ទំនងស្រឡាញ់គ្នាស្រីដូចគ្នាមក អេននី ហ្សាម និង គូស្នេហ៍ កាន់តែបង្ហាញក្ដីស្នេហ៍ស្អិតល្មួត កៀកកិតស្និទ្ធស្នាលគ្នាយ៉ាងផ្អែមល្ហែមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យមហាជនចាប់អារម្មណ៍មិនស្ទើរនោះទេ ពេលដែលឃើញរូបថតស្វីតៗរបស់ពួកគេបង្ហោះនៅលើបណ្ដាញសង្គមម្ដងៗ ។
លើសពីនោះ បើនិយាយពីនៅក្នុងខែកុម្ភៈ មហាជនជាពិសេសយុវវ័យតែងតែនិយាយថាជាខែនៃក្តីស្រឡាញ់នោះ តារាចម្រៀងស្រីរូបស្រស់ អេននី ហ្សាម បានទទួលនូវកាដូបញ្ចាំចិត្តពីគូស្នេហ៍ជាមនុស្សស្រីដូចគ្នានោះ បានដល់ទៅ ២ ដង រហូតធ្វើឲ្យអ្នកគាំទ្ររបស់នាងច្រណែនដល់គូស្នេហ៍មួយគូនេះមិនតិចនោះទេ ។
ដោយកាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ អេននី ហ្សាម បានទទួលកាដូបញ្ចាំចិត្ត និង ពាក្យជូនពរកំណើតគ្រប់អាយុ ៣៣ ឆ្នាំដល់នាង ពោរពេញដោយពាក្យសម្ដីស្នេហាស៊ីជម្រៅ រ៉ូមែនទិកខ្លាំងជាងស្នេហាប្រុស-ស្រីទៅទៀត ។
បន្ថែមពីនោះ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ គឺជាថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះ អេននី ហ្សាម ក៏ត្រូវបានគូស្នេហ៍ស្រីរូបនោះ ជូនកាដូបញ្ចាំចិត្តមួយផ្សេងទៀតដល់នាង ព្រមទាំងបង្ហោះរូបភាពថើបគ្នាយ៉ាងផ្អែមល្ហែមទៀតផង ៕