តារាជើងចាស់ ២ ដួង សម្តែងតួអង្គម្តាយទាវស័ក្តិសមខ្លាំង អ្នកគាំទ្រចាំគ្មានថ្ងៃភ្លេច
រឿង «ទុំទាវ» ជាប្រលោមលោកអក្សរសីល្ប៍ខេមរៈនិយមរបស់ខ្មែរដ៏ល្បីសុសសាយមួយ ហើយប្រលោមលោកនេះ ក៏បានផលិតករខ្មែរជំនាន់ក្រោយយកមកតាក់តែងឡើងវិញ ផលិតជាល្ខោន យីកេ ចម្រៀង និង ជាខ្សែភាពយន្ត ជាដើម ។
បើរំឭកកាលពីប្រមាណជា ២០ ឆ្នាំមុន រឿង «ទុំទាវ» ក៏ត្រូវបានផលិតកម្មមួយចំនួន បានលើកយកមកផលិតជាចម្រៀងកាយវិការ ព្រមទាំងជាខ្សែភាពយន្តខ្នាតធំទៀតផង ។ ក្នុងនោះមានដូចជាផលិតកម្មរស្មីហង្សមាស បានតាក់តែងបទចម្រៀង និង សម្តែងចម្រៀងកាយវិការជាសាច់រឿង ក្រោយមកក្នុងកំឡុងឆ្នាំ ២០០៣ ផលិតកម្ម SSB ក៏បានផលិតជាខ្សែភាពយន្តខ្នាតធំដោយមានការការដឹកនាំដោយ លោក ហ្វៃ សំអាង ផងដែរ ។
យ៉ាងណាមិញ ទន្ទឹមនឹងការលើកសរសើរពីការសម្តែងរបស់តួអង្គសំខាន់ៗ ដូចជា នេនទុំ នាងទាវ ពេជ្រ និង នាងនោ នោះ តួអង្គម្តាយទាវ នៅក្នុងការផលិតបទចម្រៀងកាយវិការរបស់ផលិតកម្មរស្មីហង្សមាស និង ខ្សែភាពយន្តផលិតកម្ម SSB នោះ ក៏ត្រូវបានមហាជនអ្នកទស្សនាចាប់អារម្មណ៍យ៉ាងច្រើនផងដែរ ពីទេពកោសល្យនៃការសម្តែងដ៏ប៉ិនប្រសប់របស់តារាជើងចាស់ទាំង ២ ដួងនោះ ៖
១- អ្នកគ្រូ កាន់ សុវណ្ណនី
អ្នកគ្រូ កាន់ សុវណ្ណនី គឺជាសិល្បការិនីរៀមច្បង ដែលមានទេពកោសល្យក្នុងការសម្តែងដ៏សម្បូរបែប ទាំងល្ខោន យីកេ និង ចម្រៀងកាយវិការផងដែរ ។ អ្នកគ្រូត្រូវបានមហាជនអ្នកទស្សនាកោតសរសើរពីការសម្តែងដ៏ស័ក្តិសមរបស់អ្នកគ្រូជាតួអង្គម្តាយនាងទាវ ក្នុងចម្រៀងកាយវិការរបស់ផលិតកម្មរស្មីហង្សមាស ។
២- លោកស្រី ច័ន្ទ តារាទី
តារាសម្តែងជើងចាស់ លោកស្រី ច័ន្ទ តារាទី ក៏ត្រូវបានមហាជនអ្នកទស្សនាគ្រប់វ័យសរសើរយ៉ាងខ្លាំងពីទេពកោសល្យនៃការសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ «ទុំទាវ» ដែលមានការដឹកនាំ និង ផលិតនៅឆ្នាំ ២០០៣ ដោយលោក ហ្វៃ សំអាង ផងដែរ ។ កាលនោះ លោកស្រីបានបញ្ចេញនូវសមត្ថភាពដ៏ល្អឥតខ្ចោះរបស់ខ្លួនគ្រប់ឈុតឆាកនៃសាច់រឿង ធ្វើឲ្យអ្នកទស្សនាចងចាំនូវការសម្តែងរបស់លោកស្រីយ៉ាងខ្លាំង ៕