នៅពីក្រោយស្នាមញញឹម លៀង ចាន់ឡា ពេលនេះកំពុងជួបរឿងកម្សត់ ដាច់បាយ គ្មានលុយសូម្បីបង់បន្ទប់ជួល!
លៀង ចាន់ឡា ចាប់ផ្តើមមានឈ្មោះបោះសំឡេង ក្រោយពីនាងបានចូលរួមប្រលងនៅក្នុងកម្មវិធីប្រលងចម្រៀង X Factor Cambodia របស់ទូរទស្សន៍ហង្សមាស ដោយកាលណោះនាងបានស្រូបទាញ ការអាណិតអាសូរជាខ្លាំងពីសំណាក់មហាជន ពាក់ព័ន្ធលើរូបសម្រស់ ព្រមទាំងជីវភាពរស់នៅរបស់នាង រហូតមានម្ចាស់ហាងកែសម្ជស្សមួយចំនួន បានចេញមុខជួយកែសម្ជស្សឱ្យ ដោយមិនគិតប្រាក់រួមនឹងផ្ដល់ជាជំនួយនានាជាច្រើនផងដែរ។
អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង នៅមុននេះបន្ដិច ផេកសិល្បករកម្ពុជាបានបង្ហោះសារមួយ ដោយបានលើកឡើងថា ពេលនេះ លាង ចាន់ឡា កំពុងដាច់បាយហើយ គ្មានលុយសូម្បីតែបង់បន្ទប់ជួល ហើយម៉ូតូត្រូវលក់អស់ទៀត ដោយសារត្រូវយកលុយទៅព្យាបាលជំងឺធ្ងន់របស់ម្តាយ។ មូលហេតុចម្បងបំផុតនោះ ខណៈដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក ហាងដែលនាងធ្លាប់បានទៅច្រៀងដើម្បីរកកម្រៃនោះ ត្រូវបានបិទទ្វារ ទើបធ្វើឱ្យជីវភាពរបស់តារាស្រីរូបនេះ កាន់តែលំបាក។
មិនតែប៉ុណ្ណោះ តារាស្រីវ័យក្មេងរូបនេះ កំពុងតែជួបបញ្ហាធ្លាក់ទឹកចិត្ត ខណៈមនុស្សជាទីស្រឡាញ់ ដែលមានដូចជា អុំស្រីបង្កើត ដែលធ្លាប់ចិញ្ចឹមបីបាច់ថែរក្សានាងតាំងពីតូច និង បងប្រុសជីដូនមួយដែលនាងស្រឡាញ់បំផុត បានបាត់បង់ជីវិតទៅទាំងពីរនាក់។ លើសពីនេះទៅទៀត ពេលនេះ ម្ដាយរបស់នាងកំពុងតែមានជំងឺធ្ងន់ ជាហេតុធ្វើឱ្យ លៀង ចាន់ឡា កាន់តែមានសម្ពាធផ្លូវចិត្តកាន់តែខ្លាំងថែមទៀត។
តាមរយៈផេកសិល្បករកម្ពុជា ក៏បានអំពាវនាវសុំឱ្យបងប្អូនមហាជន ដែលមានកន្លែងការងារ ឬ ហាងច្រៀងអី អាចទំនាក់ទំនងទៅកាន់ លាង ចាន់ឡា ផងដែរ៕