បាត់មុខរាប់ឆ្នាំ តាមពិតតារាជើងចាស់ សុវណ្ណ មុន្នី កំពុងផ្អែមល្ហែមនឹងគ្រួសារនៅប្រទេសមួយនេះ
មានតារាសម្តែងជើងចាស់ច្រើនរូបមកហើយ ដែល «ប្រជាប្រិយ» បានលើកមកបង្ហាញមហាជនឱ្យបានដឹងពីបច្ចុប្បន្នភាពរបស់ពួកគាត់ ក្នុងពេលនេះដែរយើងនឹងលើកបង្ហាញពីតារាប្រុសមួយរូបទៀត គឺលោក សុវណ្ណ មុន្នី ដែលលោកក៏ជាតារាសម្តែងមានឈ្មោះល្បីល្បាញម្នាក់ តាំងពីទសវត្សរ៍ ៨០-៩០ ផងដែរ ។
សម្រាប់តួឯកប្រុសលោក សុវណ្ណ មុន្នី នេះ ស្ទើរតែត្រូវបានទស្សនិកជនក្នុងស្រុកភ្លេចមុខបាត់ទៅហើយ ដោយសារតារាសម្តែងប្រុសរូបនេះបានលាឈប់ពីសិល្បៈយូរឆ្នាំ ពោលគឺតាំងពីឆ្នាំ ១៩៩៧ មក ។ បន្ទាប់លាឈប់ពីអាជីពសម្តែងហើយនោះ តារាសម្តែង សុវណ្ណ មុន្នី បានចាកចេញពីប្រទេសកំណើតទៅរស់នៅជុំគ្រួសារឯសហរដ្ឋអាមេរិក រហូតមកដល់សព្វថ្ងៃនេះ ។
រំឭកបកក្រោយបន្តិច អតីតតារាសម្តែង សុវណ្ណ មុន្នី បានចូលប្រឡូកក្នុងវិស័យឧស្សាហកម្មសម្តែងភាពយន្តនៅក្នុងឆ្នាំ ១៩៨៨ ខ្សែភាពយន្តដែលលោកបានសម្តែងមានរហូតដល់ទៅ ៤០ រឿងឯណោះ ប៉ុន្តែលោកមិនចាំចំណងជើង ដោយសារពេលវេលាហាក់ដូចជាយូរពេក លោកចាំបានខ្លះៗដូចជា រឿង «ព្យុះជីវិត» រឿង «ចៅគីង្គក់» រឿង «បិសាចតណ្ហា» រឿង «ចាបស្រុកនៅឯព្រៃ» រឿង «ស្នេហ៍ពីរជាតិ» និង រឿងជាច្រើនទៀត ហើយលោកក៏បានសម្តែងចម្រៀងកាយវិការជាច្រើនបទផងដែរ ។
គួរឱ្យដឹងដែរថា លោក សុវណ្ណ មុន្នី អតីតតារាសម្ដែងដ៏ល្បីឈ្មោះតាំងពីទសវត្សរ៍ ៨០-៩០ ជំនាន់តារាជើងចាស់ជាច្រើន មានដូចជា លោក កេត សូបូរិទ្ធ សម តារា ខៃ ប្រសិទ្ធ យស បូវណ្ណៈ អ្នកនាង សុខ ស្រីមុំ អម្ពរ ទេវី ពិសិដ្ឋ ពីលិកា និង ចាន់ តារាទី ជាដើម ។ បើគិតពីជំនាន់ទសវត្សរ៍ ៨០-៩០ រហូតមកដល់បច្ចុប្បន្ននេះ លោកនៅតែអាចរក្សារូបរាងស្រស់សង្ហាដដែល និង កំបុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និង កូនប្រុសពីរនាក់ ឯសហរដ្ឋអាមេរិក ៕