នៅចាំ «កញ្ញា» តួអង្គរឿង «រសជាតិជីវិត» ទេ ពេលនេះជោគជ័យយ៉ាងខ្លាំងលើវិស័យនេះ
បើរំឭកកាលពីកំឡុងឆ្នាំ ២០០៤ មហាជនអ្នកទស្សនាខ្សែភាពយន្តអប់រំរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ប្រាកដជាធ្លាប់បានទស្សនាហើយនូវខ្សែភាពយន្តភាគរឿង «រសជាតិជីវិត» ដែលមានការសម្តែងដោយអ្នកនាង កែវ ពេជ្រពិសី លោក កែវ ង៉ែត លោក សារ៉ា ចិន្ត្រា និង អ្នកនាង គឹម សុធាថងឌី ជាដើម ។
ក្នុងនោះមហាជនអ្នកគាំទ្រច្បាស់ជាចាំមិនភ្លេចនោះទេ នូវតួអង្គរងមួយរូបដែលត្រូវបានមហាជនអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែមុខមាត់ពីធម្មជាតិរបស់នាងដែលមានសម្បុរស្រអែម និង សក់រួញៗ គឺតួអង្គឈ្មោះ កញ្ញា ដែលមានការសម្តែងដោយអ្នកនាង គឹម សុធាថងឌី ហៅ Amy ។
បន្ទាប់ពីបញ្ចប់ខ្សែភាពយន្តកាលពីប្រមាណជាង ១៥ ឆ្នាំនោះ គេបានឃើញអ្នកនាង គឹម សុធាថងឌី បានបង្ហាញវត្តមានក្នុងការសម្តែងរឿងភាគ និង ស៉្បតពាណិជ្ជកម្មមួអប់រំខ្លីចំនួនផងដែរ តែមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេហាក់មិនបានឃើញវត្តមានរបស់លោកនៅលើកញ្ចក់ទូរទស្សន៍ទៀតនោះទេ ។ ការពិតតួអង្គ កញ្ញា ក្នុងរឿង «រសជាតិជីវិត» រូបនេះ បានសំងំសាងកេរ្តិ៍ឈ្មោះជាអ្នកផលិតកម្មវិធីទូរទស្សន៍ អ្នកដឹកនាំរឿង និង និពន្ធសៀវភៅទៅវិញ ។
ក្នុងនោះ សៀវភៅដែលមានការនិពន្ធដោយ អ្នកនាង គឹម សុធាថងឌី ដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកអានគឺមានចំណងជើងថា «កូនរបស់ម៉ែ» ដែលរឿងនេះអតីតតារាសម្តែង និង កវីនិពន្ធរូបនេះ បានសរសេរឡើងរៀបរាប់ពីជីវិតពិរបស់នាងផ្ទាល់តែម្តង ។
ជាក់ស្តែង អ្នកនាង គឹម សុធាថងឌី ធ្លាប់បានរៀបរាប់ឲ្យដឹងពីជីវប្រវត្តរបស់ខ្លួនថា «ការងារដំបូងរបស់ខ្ញុំ គឺជាតួសម្តែងឈ្មោះ កញ្ញា នៅក្នុងរឿង រសជាតិជីវិត ។ កាលនោះមិនគិតអ្វីច្រើន ក្រៅពីខំធ្វើការឱ្យអស់លទ្ធភាពដែលខ្ញុំអាចធ្វើទៅបាន ទោះបីខ្ញុំគ្មានបទពិសោធធ្វើជាតួសម្តែងពីមុនមក ព្រោះដើម្បីបានចំណូលយកមករៀនមហាវិទ្យាល័យ ។ បើខ្ញុំមិនពឹងខ្លួនឯងទេតើខ្ញុំត្រូវពឹងអ្នកណា? ជីវិតមួយ ដំណើរមួយ សុបិនមួយ អនាគតមួយ សុទ្ធតែជារបស់ខ្លួនឯង បើមិនខំស្វះស្វែងធ្វើម៉េចបានដល់គោលដៅ ។ នេះជាការគិត និង លើកទឹកចិត្តខ្លួនឯង ពេលខ្ញុំកំពុងធ្វើការជាតួសម្តែង ។ ហើយពេលនេះ ការគិតទាំងនោះ នៅតែមានជីវិតរស់នៅជាមួយខ្ញុំដល់សព្វថ្ងៃ ព្រោះខ្ញុំស្ពាយតាមខ្លួន ស្រោចទឹកដាក់ជីរហូតការគិតនោះធំធាត់ ហើយបន្តដំណើរទៅមុខជាមួយខ្ញុំ ហើយថែមទាំងបន្ថែមបងប្អូនការគិតដទៃទៀតឱ្យរួមដំណើរជាមួយ ។ ខ្ញុំស្វាគមន៍ពួកគេ ព្រោះពួកគេចង់ឱ្យខ្ញុំល្អ ។ ពួកគេគឺការគិតវិជ្ជមាន និង ការគិតរឿងអ្វីដែលរីករាយ ដើម្បីសុខភាពល្អ ។ ដាច់ខាតខ្ញុំត្រូវមានពួកគាត់ព្រោះពួកគាត់ក៏ជាសមាជិកគ្រួសារគិតរបស់ខ្ញុំដែរ» ។ គួរឲ្យដឹងដែរថា បច្ចុប្បន្ន អ្នកនាង គឹម សុធាថងឌី កំពុងតែរស់នៅឯប្រទេសកាណាដា ៕
រូបថត៖ ប្រលោមលោកដួងចិត្ត