MGC បញ្ជាក់ថា តំណែង និងប្រាក់រង្វាន់នឹងត្រូវផ្ទេរទៅឲ្យជ័យលាភីបន្ទាប់ ប្រសិនម្ចាស់មកុដធ្វើខុសលក្ខខណ្ឌ
ក្រោយមានរឿងរ៉ាវចម្រូងចម្រាសរវាង កញ្ញា សេង រដ្ឋា និង ស្ថាប័ន Miss Grand Cambodia នោះ ប៉ុន្មានថ្ងៃមកនេះ ឃើញថាមហាជនផ្ទុះការវែកញែកជាច្រើន ចង់ដឹងថារឿងរ៉ាវពិត តើមានដើមទងបែបណាខ្លះ ទើបឈានដល់ផ្ទុះរឿងបែបនេះឡើង ធ្វើឱ្យផ្អើលអ្នកគាំទ្រពេញបណ្តាញសង្គមបែបនេះ?
កន្លងមក កញ្ញា សេង រដ្ឋា ធ្លាប់បានបង្ហោះសារបញ្ជាក់រឿងហេតុមួយចំនួនរួចហើយលើបណ្តាញសង្គម។ រីឯស្ថាប័ន Miss Grand Cambodia ដែលមានលោក អ៊ិន សុភិន ជាអ្នកគ្រប់គ្រងកម្មវិធី ក៏បានបង្ហោះសារបង្ហើបពីបញ្ហាទាក់ទងទៅនឹងម្ចាស់ជ័យលាភី Miss Grand Cambodia កញ្ញា សេង រដ្ឋា និងថែមទាំងបានអញ្ជើញបវរកញ្ញារូបនេះ មកចូលរួមដោះស្រាយដោយផ្ទាល់នៅក្រុមហ៊ុនទៀតផង។
ដោយឡែក នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នេះ ស្ថាប័ន Miss Grand Cambodia បានបង្ហោះសារលាតត្រដាងរឿងរ៉ាវពិតទាក់ទងទៅនឹង លិខិតអញ្ជើញឱ្យកញ្ញា សេង រដ្ឋា ចូលខ្លួនដោះស្រាយ សម្របសម្រួលដោយសន្ដិវិធីផងដែរ។ ក្នុងសារបកស្រាយដែលបានបង្ហោះលើគណនី Miss Grand Cambodia នោះទៀតសោត បានបញ្ជាក់ច្បាស់ៗថា៖
«ក្រុមហ៊ុនសូមបកស្រាយជុំវិញនិងរឿងរ៉ាវ លិខិតអញ្ជើញរបស់ក្រុមហ៊ុនដែលបានផ្ញើរជូន កញ្ញា សេង រដ្ឋា គឺមិនមែនបញ្ជា រឺ ស្នើរសុំអោយគាត់លាលែងពីតំណែងនោះទេ ហើយដែលកញ្ញា សេង រដ្ឋាគាត់បានសរសេរលើបណ្តាញសង្គមថាក្រុមហ៊ុនបរិហារកេរ្តិ៍ និង បានប្រកាសជាសាធារណៈអោយគាត់លាលែងពីតំណែងនោះ គឺខាងក្រុមហ៊ុនសូមធ្វើការបដិសេដទាំងស្រុង កន្លងមកមានផេកមួយចំនួនដើម្បីចង់បានភាពល្បីល្បាញរបស់ខ្លួនបានយកឈ្មោះក្រុមហ៊ុនលេងសើចលើបណ្តាញសង្គម បំផុសបំផុល ផ្សាយព័ត៌មានដែលមែនជាការពិត អោយប្រជាជនខ្មែរមើលមុខគ្នាមិនចំ ចោទក្រុមហ៊ុនថាមិនមានទំនួលខុសត្រូវលើកញ្ញា សេង រដ្ឋា ដែលបានប្រឡងចប់ហើយហេតុអ្វីមិនទទួលបានប្រាក់រង្វាន់? ក្រុមហ៊ុនសុំសួរទៅអ្នកទាំងអស់គ្នាវិញថា នៅពេលដែលភាគីខាងក្រុមហ៊ុន ធ្វើការកុងត្រាជាមួយនិងភាគីកញ្ញា សេង រដ្ឋា តើអ្នកទាំងអស់គ្នាបាននៅទីនោះដែររឺទេ? ក្រុមហ៊ុនបានធ្វើការកុងត្រា និងបាននិយាយផ្ទាល់ជាមួយកញ្ញា សេង រដ្ឋា រួចរាល់អស់ហើយ ទាល់តែកម្មវិធីប្រឡងនៅលើឆាកអន្តរជាតិបានបញ្ចប់ទើបខាងក្រុមហ៊ុនប្រគល់ប្រាក់រង្វាន់ជូនកញ្ញាសេង រដ្ឋា ព្រោះនេះជាគោលការណ៍របស់ក្រុមហ៊ុន ជៀសវាងកំហុសខុសឆ្គងរបស់គាត់កើតឡើងនៅពេលណាមួយ គឺខាងក្រុមហ៊ុននឹងផ្ទេរតំណែងរបស់គាត់ជូនទៅអ្នកជាប់លេខបន្ទាប់ពីគាត់ ប្រសិនអ្នកបន្ទាប់ធ្វើខុសលក្ខខណ្ខរបស់ក្រុមហ៊ុនទៀតគឺក្រុមហ៊ុនមានសិទ្ធដកតំណែងរបស់គាត់ទៅអ្នកបន្តបន្ទាប់ទៀត ដូច្នេះប្រាក់រង្វាន់ក៏បានទៅអ្នកបន្ទាប់ដូចគ្នា ហើយអ្នកដែលបានក្រុមហ៊ុនដកតំណែងគឺមិនទួលបានប្រាក់រង្វាន់ឡើយ ដោយសារក្រុមហ៊ុនបានមើលឃើញកញ្ញា សេង រដ្ឋា ធ្វើខុសលក្ខខណ្ឌ នៅក្នុងកុងត្រារបស់ក្រុមហ៊ុនដែលបានចែងមួយចំនួន ទើបក្រុមហ៊ុនបានចេញលិខិតអញ្ជើញគាត់មកកាន់ការិយាល័យរបស់ផលិតកម្មមហាហង្សផ្ទាល់ដើម្បីដោះស្រាយគ្នាដោយសន្តិវិធី វែកញែករកកំហុសរបស់គាត់ និងរបស់ក្រុមហ៊ុន បើគាត់បកស្រាយមកថាក្រុមហ៊ុនមានកំហុសកន្លែងណាមួយដែលគាត់មិនពេញចិត្តធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់គាត់ គឺខាងក្រុមហ៊ុននឹងធ្វើការសុំទោសជាសាធារណៈ ប្រសិនបើក្រុមហ៊ុនបកស្រាយរាល់កំហុសរបស់កញ្ញា សេង រដ្ឋា ដែលបានធ្វើខុសនិងលក្ខខណ្ឌ ប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនដូចគ្នានោះកញ្ញា សេង រដ្ឋា នឹងធ្វើការសុំទោសជាសាធារណៈដូចគ្នា ក្រុមហ៊ុនបានព្យាយាមសម្របសម្រួលដោយសន្តិវិធី ប៉ុន្តែកញ្ញា សេង រដ្ឋា មិនបានផ្តល់កិត្តិយសជូនក្រុមហ៊ុនចូលខ្លួនដើម្បីដោះស្រាយនោះទេ ប្រសិនជាកញ្ញា សេង រដ្ឋា បានប្រកាសលើបណ្តាញសង្គមសម្រេចលាលែងពីតំណែង គឺខាងក្រុមហ៊ុនសុំមិនទទួលដឹងលឺឡើយ ព្រោះខាងក្រុមហ៊ុនមិនទាន់បាននិយាយអ្វីទាំងអស់ជាមួយគាត់នោះទេ»៕