ក្រោយ សេង រដ្ឋា ទាត់ចោលតំណែង លោក អ៊ិន សុភិន ថាការពិតនឹងលេចរូបរាងឡើងឆាប់ៗ
កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ទំព័រហ្វេសប៊ុក Miss Grand Cambodia បានបង្ហោះសារអញ្ជើញកញ្ញា សេង រដ្ឋា ម្ចាស់ជ័យលាភីឱ្យចូលដោះស្រាយជុំវិញបញ្ហាដែលបានកើតឡើង ប៉ុន្តែយ៉ាងណា សេង រដ្ឋា បានចេញមុខបង្ហោះសារប្រកាសលើបណ្តាញហ្វេសប៊ុក ច្រានចោលមិនចូលរួមតាមការអញ្ជើញពីស្ថាប័នខាងលើឡើយ ដោយកញ្ញាអះអាងថាសុខចិត្តធ្វើតាមក្រុមហ៊ុនចង់បាន ដោយដកតំណែងនាងចេញ ។
ក្រោយការប្រកាសជាសាធារណៈពីកញ្ញា សេង រដ្ឋា បែបនោះមិនប៉ុន្មាន បានធ្វើឱ្យកំដៅព័ត៌មានផ្ទុះឡើងកាន់តែខ្លាំង ហើយក្នុងនោះមហាជនអ្នកគាំទ្រ ពិសេសអ្នកស្រឡាញ់វិស័យបវរកញ្ញាក្នុងស្រុក បានបញ្ចេញមតិវែកញែកយ៉ាងច្រើនជុំវិញបញ្ហារវាងកញ្ញា សេង រដ្ឋា និង ស្ថាប័ន Miss Grand Cambodia នេះ ។
ងាកទៅកាន់លោក អ៊ិន សុភិន ជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia វិញ បន្ទាប់ពីរឿងរ៉ាវកាន់តែឡើងកំដៅខ្លាំងក្នុងស្រទាប់មហាជននោះ និង បន្ទាប់ពីកញ្ញា សេង រដ្ឋា បានបង្ហោះសារជាសាធារណៈបដិសេធមិនចូលរួមសម្របសម្រួល លោកក៏បានបង្ហោះសារថ្មីមួយទៀតកាលពីយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ដែលសាររួមមួយ ប៉ុន្តែក៏ហាក់ឆ្លើយតបទៅកញ្ញា សេង រដ្ឋា ដោយប្រយោលដូច្នោះដែរ ។
លោក អ៊ិន សុភិន បានសរសេរសាររៀបរាប់ថា ៖ «អនុស្សាវរីយ៍ដែលធ្វើឱ្យយើងបំភ្លេចមិនបាន ទោះមានរឿងអ្វីកើតឡើងក៏នៅតែចាំទុកក្នុងចិត្ត ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នៅកម្មវិធីលើកក្រោយ នេះជាមេរៀន និង ជាបទពិសោធមិនធ្លាប់ជួបប្រទះ អរគុណគ្រប់យ៉ាងសម្រាប់មេរៀនមួយនេះ ការពិតនឹងលេចរូបរាងឡើងឆាប់ៗនេះ» ។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ កញ្ញា សេង រដ្ឋា ដែលជាម្ចាស់ជ័យលាភី Miss Grand Cambodia 2020 បានប្រកាសជាសាធារណៈមិនចូលរួមតាមការអញ្ជើញ និង សុខចិត្តដើរចេញពីតំណែង ដោយកញ្ញាបានអះអាងថា ទទួលយកមិនបាន ព្រោះអ្នកគ្រប់គ្រងកម្មវិធីបរិហារកេរ្តិ៍នាង ៕