មិនសូវឃើញមុខក្នុងសិល្បៈ តាមពិត ចាន់ ចរិយា ពាក់ស័ក្តិ ៤ កំពុងសំងំធ្វើការងារជាមន្រ្តីរាជការ
អ្នកស្រី ចាន់ ចរិយា ត្រូវបានគេស្គាល់ច្បាស់ជាតារាចម្រៀងជើងចាស់មួយរូបមានឈ្មោះល្បីល្បាញកាលពីជំនាន់ចុងឆ្នាំ ៩០ និង ដើមឆ្នាំ ២០០០ មក ប៉ុន្តែក្រោយមកអ្នកនាងបែរជាបានបាត់មុខមិនសូវបង្ហាញវត្តមានតាមរយៈកញ្ចក់ទូរទស្សន៍ដូចមុនៗទៀត ដោយមិនបានដឹងមូលហេតុ ។
កាលពីជំនាន់ចុងឆ្នាំ ៩០ និង ដើមឆ្នាំ ២០០០ មកនោះ អ្នកស្រី ចាន់ ចរិយា គឺជាតារាចម្រៀងមនោសញ្ចេតនា និង ធ្លាប់ជាតារាឯកស្រីក្នុងពិភពបទចម្រៀងកាយវិការខារ៉ាអូខេដ៏ល្បីឈ្មោះមួយរូប មិនត្រឹមតែប៉ុណ្ណោះអ្នកស្រីក៏ធ្លាប់ធ្វើជាពិធីការិនីនៅស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ ១១ និង ទូរទស្សន៍ប៉ុស្ថិ៍លេខ ៩ ថែមទៀត ដែលការងារទាំងនេះបានស្ទួយឱ្យកេរ្តិ៍ឈ្មោះអ្នកនាងល្បីល្បាញកាន់តែខ្លាំងក្នុងពិភពសិល្បៈ ។
ហាក់មិនសូវបង្ហាញមុខក្នុងសង្គមសិល្បៈដូចកាលពីអតីតកាលពិតមែន ប៉ុន្តែបើតាមផេកអ្នកនាង ស៊ិន ឧត្តមផល្លា បានឱ្យដឹងថា អ្នកស្រី ចាន់ ចរិយា នៅតែបន្តអាជីពជាតារាចម្រៀងដដែល បើទោះបីជាអ្នកនាងមិនសូវលេចមុខតាមរយៈកញ្ចក់ទូរទស្សន៍ក្តី ។ អ្នកនាង ស៊ិន ឧត្តមផល្លា បានបញ្ជាក់បន្ថែមទៀតថា អ្នកនាង ចាន់ ចរិយា តែងតែមានវត្តមានតាមរយៈកម្មវិធីអាហ្វែ ជប់លៀង អាពាហ៍ពិពាហ៍ ខួបកំណើតផ្សេងៗ ក៏ដូចជាតាមរយៈកម្មវិធីធំៗរបស់កំពូលថ្នាក់ដឹកនាំផងដែរ មកទល់ពេលបច្ចុប្បន្ននេះ ។
គួរឱ្យដឹងដែរថា ក្រៅពីនៅតែចាប់អាជីពជាតារាចម្រៀងនោះ សព្វថ្ងៃនេះ អ្នកនាង ចាន់ ចរិយា ក៏មានតួនាទីមុខងារជាអ្នកជំនួយការនៅស្នងការឃោសនាព័ត៌មាន ដែលពាក់ស័ក្តិ ៤ ជាអ្នកនិពន្ធបទចម្រៀង និង ជាអ្នកអប់រំចិត្តសាស្ត្រ នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស ហើយអ្នកនាងក៏មានទទួលរៀបចំភ្លេងសម័យ និង បុរាណក្នុងកម្មវិធីផ្សេងៗ ៕