ស្រណោះបំផុត! តួអង្គនាងនោ រឿង «ទុំទាវ» លាចាកលោកតាំងពីជាង ១០ ឆ្នាំមុន ដោយសារមូលហេតុនេះ
បើនិយាយពីកំឡុងឆ្នាំ ២០០០ មហាជនអ្នកគាំទ្រដែលនិយមទស្សនាបទចម្រៀងកាយវិការរបស់ផលិតកម្មក្នុងស្រុក និង ក្រៅស្រុក ជាពិសេផលិតកម្ម SSB ប្រាកដជាបានស្គាល់មកហើយនូវតារាសម្តែង ជុំ ចាន់តី ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីកាន់តែងាយចងចាំតារាស្រីខាងលើនោះ គឺ ជុំ ចាន់តី បានសម្តែងជាតួអង្គ នាងនោ ក្នុងរឿង «ទុំទាវ» ដែលផលិតឡើងជាថ្មីដោយផលិតកម្ម SSB របស់លោក ហ្វៃ សំអាង ។
យ៉ាងណាមិញ កាលពីជាង ១០ ឆ្នាំមុន តារាសម្តែង ជុំ ចាន់តី ត្រូវបានចាកចេញទៅប្រទេសកាណាដា ជាមួយនឹងស្វាមី ហើយបានបាត់ដំណឹងសូន្យឈឹង រហូតធ្វើឲ្យមហាជនអ្នកគាំទ្រនឹករឮក និង មានចម្ងល់ចង់ដឹងថា តើតារាស្រីរូបនេះសុខទុក្ខយ៉ាងណាហើយ ?
យ៉ាងណាមិញ អ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និង សោកស្តាយយ៉ាងខ្លាំងនោះ គឺបន្ទាប់ពីគណនីហ្វេសប៊ុករបស់តារាសម្តែង និង ចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាព និង សារឲ្យដឹងថា តារាសម្តែង ជុំ ចាន់តី បានលាកចាកលោកហើយតាំងពី ១០ ឆ្នាំមុនមកម្ល៉េះ ។ នេះបើតាមសារបង្ហោះកាលពីកំឡុងឆ្នាំ ២០២០ កន្លងមក របស់គណនីហ្វេសប៊ុកអ្នកនាង ស៊ិន ឧត្តមផល្លា។
អ្នកនាង ស៊ិន ឧត្តមផល្លា បានឲ្យដឹងថា «សម្រាប់បងប្អូន ដែលចង់ដឹងអំពីដំណឹងតារាសម្ដែងផ្នែកមនោសញ្ចេតនា ជុំ ចាន់តី នាងពិតជាបានទទួលមរណភាព កាលពីជាង ១០ ឆ្នាំមុន យ៉ាងពិតប្រាកដមែន ដោយដំណឹងនេះ ត្រូវបានផ្ដល់ដោយបងប្អូន ដែលចូលរួមខមមិននៅក្នុងការផុស កាលពីម្សិលមិញនេះ ។ យើងនៅចាំបានថា ជុំ ចាន់តី គឺជាតារាសម្ដែងផ្នែកមនោសញ្ចេតនា បានយ៉ាងស័ក្ដិសម តាំងពីទសវត្សរ៍ ៩០ – ២០០០ នៅក្នុងបទចម្រៀងកាយវិការ ខារ៉ាអូខេ សឹងតែគ្រប់ផលិតកម្ម និង សម្ដែងរឿងជាច្រើន រឿងដែលធ្វើឲ្យមហាជនស្គាល់នាងយ៉ាងច្បាស់ គឺរឿង ទុំទាវ ដោយនាងសម្ដែងជាតួ នាងនោ នៅក្នុងផលិតកម្ម SSB របស់លោក ហ្វៃ សំអាង» ។
លើសពីនោះទៅទៀត អ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានបង្ហោះរូបភាពក្នុងការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមបញ្ជាក់ពីប្រភព ដែលបានមកពីតារាចម្រៀង អឿន ស្រីមុំ ដែលបានរៀបរាប់ថា «នាងស្លាប់យូរហើយ ហើយក៏មិនមែនស្លាប់នៅក្នុងស្រុកយើងដែរ បានគ្មានអ្នកដឹងអ៊ីចឹង នាងបានប្តីនៅប្រទេសកាណាដា នាងទៅរស់នៅទីនោះយូរហើយ ហើយម្យ៉ាងនាងស្លាប់ដោយសារវិលមុខក៏ធ្លាក់ជណ្តើរ កាលខ្ញុំទៅកាណាដាម្ល៉េះ» ៕