មកដល់ឆ្នាំ ២០២១ នេះ ម្ចាស់បទ «លក់ស្រែចូលបារ» ម៉ិញ សុធីវណ្ណ ទៅដល់ណាណីហើយ?
កន្លងទៅនេះ «ប្រជាប្រិយ» បានលើកបង្ហាញពីតារាសម្តែង និង ចម្រៀងជំនាន់ឆ្នាំ ៨០-៩០ ប៉ុន្មានរូបមកហើយដល់អ្នកគាំទ្របានដឹងពីបច្ចុប្បន្នភាពរបស់ពួកគាត់ ហើយនៅក្នុងថ្ងៃនេះដែរយើងនឹងបន្តបង្ហាញប្រិតមិត្តអ្នកអានបន្តទៀត នោះគឺលោក ម៉ិញ សុធីវណ្ណ ។
ប្រិយមិត្តប្រាកដជាបានស្គាល់ហើយពីលោក ម៉ិញ សុធីវណ្ណ ដោយលោកគឺជាអ្នកចម្រៀង និង និពន្ធបទភ្លេចដ៏មានឈ្មោះល្បីមួយរូបប្រចាំប្រទេសកម្ពុជា តាំងពីជំនាន់ឆ្នាំ ៨០-៩០ រហូតដល់បច្ចុប្បន្ននេះ ប៉ុន្តែយ៉ាងណាមិញហាក់បាត់ស្ងាត់ដំណឹងលោកឈឹងពីវិស័យសិល្បៈនាសម័យថ្មីនេះ ។ តើបច្ចុប្បន្ននេះ លោក ម៉ិញ សុធីវណ្ណ កំពុងរស់នៅឯណា និង នៅតែមានសកម្មភាពអ្វីខ្លះ ក្នុងវិស័យសិល្បៈនោះ? មកតាមដានជាមួយ «ប្រជាប្រិយ» ដូចតទៅ ៖
បើងាកទៅកាន់អតីតកាល លោក ម៉ិញ សុធីវណ្ណ ត្រូវបានគេចាត់ទុកជាកំពូលតារាចម្រៀងយ៉េៗ និង ជាអ្នកដៃឯកហ្គីតាសូឡូដ៏មានឈ្មោះល្បីល្បាញជាច្រើនទសវត្សរ៍មកហើយ ដែលលោកត្រូវបានគេហៅឈ្មោះក្រៅថា តូ ។ តារាចម្រៀងប្រុសរូបនេះ ត្រូវបានមហាជនស្គាល់ច្បាស់បំផុត គឺដោយលោកចូលចិត្តច្រៀងបទសប្បាយៗ យ៉េៗបែបកន្ត្រាក់អារម្មណ៍ តាមរយៈបទ «លក់ស្រែចូលបារ» ដែលជាបទភ្លេងនិពន្ធដោយលោកផ្ទាល់ និង និពន្ធទំនុកច្រៀងដោយលោក ខៀវ កាថា ជាចាងហ្វាងផលិតកម្ម «កម្មករ» ល្បីតាំងពីទសវត្សរ៍ឆ្នាំ ១៩៨៧ ។
នៅមានបទញាក់ជាច្រើនទៀត ដូចជាបទ «មេឌីខេមបូឌា» «ធំៗ where you go last night I love កៀនស្វាយ I love បឹងកក់» «យក្សរាំឌីស្កូ» «តារៀនអង់គ្លេស និង បទ «ម៉ារីយ៉ាៗ» ដែលបទចម្រៀងទាំងនេះ ត្រូវបានល្បី និង មានការគាំទ្រយ៉ាងខ្លាំង មិនថាក្នុងស្រុក និង នៅឯនាយសមុទ្រឡើយ រហូតត្រូវបានគេយកបទចម្រៀងកន្ត្រាក់អារម្មណ៍របស់លោកទៅអួតបទេសថាខ្មែរក៏មានបទញាក់បែបរ៉កយ៉ាងពីរោះទៀតផង ។
ក្រៅពីបទញាក់កន្ត្រាក់អារម្មណ៍ លោក ម៉ិញ សុធីវណ្ណ ក៏អាចច្រៀងបទចម្រៀងបែបមនោសញ្ចេតនាតារាចម្រៀងមរតកដើមផងដែរ ដូចជាបទ «តន្ត្រីធម្មជាតិ» «តាំងយូស្នេហា» បកស្រាយជាមួយអ្នកស្រី ហ៊ឹម ស៊ីវន និង បទ «សាងស្នេហ៍នៅប្រាសាទព្រះវិហារ» ដែលបទចម្រៀងនេះ បានធ្វើឱ្យបងប្អូនយុទ្ធជនឈរជើងការពារនៅព្រំដែនមានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈសំនៀងរបស់លោក ។
ងាកមកបច្ចុប្បន្នភាពវិញ បច្ចុប្បន្ននេះលោក ម៉ិញ សុធីវណ្ណ មិនបានចេញទៅរស់នៅឯនាយសមុទ្រឡើយ ដោយលោកកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។ ស្ថិតក្នុងវ័យ ៦២ ឆ្នាំ លោក ម៉ិញ សុធីវណ្ណ នៅតែបន្តការងារសិល្បៈដដែល ដែលតាមការបញ្ជាក់របស់លោកនោះ ថាលោកនឹងបន្តអាជីពសិល្បៈរហូតដល់ថ្ងៃលោកអស់ជីវិត ព្រោះជាអាជីពមួយដែលលោកស្រឡាញ់បំផុត ។
គួរឱ្យដឹអដែរថា សព្វថ្ងៃនេះលោក ម៉ិញ សុធីវណ្ណ គឺជាលោកគ្រូម្នាក់ដែលបានបង្ហាត់បង្រៀនដល់ប្អូនៗជំនាន់ក្រោយជាច្រើនរូប ទាំងផ្នែកលេងហ្គីតា និង ច្រៀង ដែលកូនសិស្សលោកភាគច្រើនបានក្លាយជាតារាចម្រៀងល្បីល្បាញ និង តន្ត្រីករល្បីៗជាច្រើនដួង ទន្ទឹមគ្នានេះ លោកក៏ជាតារាមួយដួងដែលអាចចាត់ទុកថាជាតារារៀមច្បងដែលពុំធ្លាប់លេចឮរឿងអាស្រូវ និង តែងតែមានភាពរាក់ទាក់ មិនឆ្មើងឆ្មៃចំពោះមហាជនទូទៅផងដែរ ។ នេះបើតាមការរៀបរាប់ពីផេករបស់អ្នកនាង ស៊ិន ឧត្តមផល្លា ៕
ប្រភព ៖ Movie star research (សុិន ឧត្តមផល្លា)