អត់ឃើញបង្ហាញមុខក្នុងសិល្បៈ តាមពិត ឡេង មុន្នីរចនា ងាកមកចាប់អាជីពនេះវិញសោះ!
ឡេង មុន្នីរចនា គឺជាអតីតតារាចម្រៀង ដែលនិយមលែងស្ទីលតុបតែងខ្លួនបែបស៊ិចស៊ី និងមានភាពល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ ២០០០។ ថ្មីៗនេះ មហាជនជាច្រើនមានក្ដីនឹករឮកជាពន់ពេកទៅកាន់តារាស្រីរូបនេះ ក្រោយនាង ហាក់ឃ្លាតចាកឆ្ងាយខ្លាំងពីវិស័យសិល្បៈពេលបច្ចុប្បន្ន។
ដោយសារតែការបាត់មុខយ៉ាងយូរនេះហើយ បានធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់នាងហាក់មានការស្ងប់ស្ងាត់ស្ទើរតែទាំងស្រុងទៅហើយពីសង្គមសិល្បៈ ចំណែកឯមហាជនអ្នកគាំទ្រខ្លះក៏បាននាំគ្នាសន្និដ្ឋានថា ប្រហែលជាអតីតតារាចម្រៀងរូបនេះ បានទៅរស់នៅក្រៅប្រទេសសាងសុភមង្គលដូចអ្នកសិល្បៈមួយចំនួនបាត់ទៅហើយក៏មិនដឹង។
យ៉ាងណាមិញ រាល់ចម្ងល់របស់ទស្សនិកជន ដែលគិតថាតារាស្រីរូបនេះទៅសំងំរស់នៅក្រៅប្រទេសអ្វីនោះ ហាក់ត្រូវបានស្រាយឡើងវិញបន្ទាប់ពីគេបានឃើញអតីតតារាចម្រៀងរូបនេះ បានបង្ហាញខ្លួននៅលើបណ្ដាញសង្គមជារឿយៗក្នុងឈុតសំលៀកបំពាក់ជាមន្ដ្រីនគរបាល។ បន្ថែមពីនេះ បច្ចុប្បន្នអ្នកនាង ឡេង មុន្នីរចនា ក៏មានមុខរបរនៅលើអនឡាញមួយចំនួនផងដែរ។ ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានសន្និដ្ឋានថា ការបាត់មុខពីសិល្បៈរបស់តារាស្រីរូបនេះអាចដោយសារតែនាងមមាញឹកនឹងការងាររដ្ឋ និង មុខជំនួញអនឡាញប៉ុណ្ណោះ៕