គួរឱ្យសរសើរ! ប្រុសខួច ពីក្មេងស្នាក់នៅមណ្ឌលកំព្រា តស៊ូប្រឹងប្រែង រហូតក្លាយជាតារាល្បី
មហាជនអ្នកទស្សនាវិស័យខ្សែភាពយន្ត ប្រាកដជាធ្លាប់បានស្គាល់មកហើយនូវទេពកោសល្យតារាសម្តែងជំនាន់ថ្មីវ័យក្មេងជាច្រើនដួង កំពុងត្រូវប៉ាន់ថតសម្តែងក្នុងរឿងភាគទូរទស្សន៍នានា ដើម្បីទាញយកការគាំទ្រ និង ប្រជាប្រិយភាពរៀងៗខ្លួន ។
ក្នុងនោះដែរ គេកត់សម្គាល់ឃើញមានតារាសម្តែងបុរសវ័យក្មេង ១ ដួង គឺលោក លី គឹមសាន ហៅ ប្រុសខួច ក៏បានឈរលំដាប់ជាតារាប្រុសដែលមានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រផងដែរ ។ លើសពីនោះលោក ប្រុសខួច មិនត្រឹមទទួលបានការកោតសរសើរលើទេពកោសល្យសិល្បៈនៃការសម្តែងប៉ុណ្ណោះទេ លោកត្រូវបានអ្នកគាំទ្រសរសើរថាមានរូបរាងសង្ហា និង មុខមានមន្តស្នេហ៍ថែមទៀត ។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនរបស់តារាប្រុសស្រស់សង្ហារូបនេះ ក៏មានអ្នកគាំទ្រមួយចំនួនបានដឹងមកហើយពីរឿងរ៉ាវលំបាកជូរចត់របស់លោកកាលពីក្មេងៗ និង មុនក្លាយទៅជាតារាសម្តែងនោះ ដោយកាលពីមុន ប្រុសខួច ធ្លាប់ជាក្មេងរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយ នៅខេត្តបន្ទាយមានជ័យ អស់រយៈពេល ៤ ឆ្នាំ ។
តាមការឱ្យដឹងពីតួឯកប្រុសក្នុងខ្សែភាពយន្តជាច្រើនរូបនេះ ធ្លាប់បានប្រាប់ទៅកាន់សារព័ត៌មានជាច្រើនហើយដែរថា លោកធ្លាប់បានរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយឈ្មោះថា រោងគោ ហើយមូលហេតុដែលធ្វើឱ្យលោកឈានដល់ដំណាក់កាលរស់នៅក្នុងមណ្ឌលកុមារកំព្រានោះ គឺមិនមែនលោកគ្មានឪពុកម្តាយនោះទេ ប៉ុន្តែដោយសារឪពុកម្តាយរបស់លោកបានលែងលះគ្នា ហើយលោកត្រូវរស់នៅជាមួយឪពុកពិការ ទើបមណ្ឌល រោងគោ សម្រេចអនុញ្ញាតឱ្យលោកទៅរស់នៅទីនោះ ។
លោក ប្រុសខួច បានឱ្យដឹងទៀតថា ការរស់នៅក្នុងមណ្ឌលកំព្រានោះដែរ លោកទទួលបានការមើលថែ ផ្គត់ផ្គង់ការរៀនសូត្រ រហូតដល់លោកបានចប់ថ្នាក់ទី ១២ ហើយមកដល់ពេលនេះលោកក៏មិនភ្លេចគុណមណ្ឌលកុមារកំព្រានោះទេ ។
ជាការពិត បើតាមគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ ជារឿយៗតែងតែបង្ហាញពីសកម្មភាពនៃការចូលរួមជួយជ្រោមជ្រែងទៅកាន់ទីកន្លែងរស់នៅ និង ផ្តល់ចំណេះដឹងដល់លោក ។ ជាពិសេសនោះលោក ប្រុសខួច តែងតែចំណាយពេលវេលាជាមួយនឹងប្អូនៗរស់នៅមណ្ឌលកំព្រានោះ ដូចជាធ្វើជាអាហារឱ្យពួកគេញុំាទៀតផង ៕