ក្តុកក្តួលណាស់! ព្រះនាងតូច ចេនណា រៀបរាប់អនុស្សាវរីយ៍ជាមួយម្ចាស់បទ «ក្រមុំភ្នំពេញ» កាលលោកមានជីវិត
បន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យសោកស្តាយ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ ដែលតារាចម្រៀង Original ម្ចាស់បទ « ក្រមុំភ្នំពេញ » លោក ថាច់ សារីយ៉ា ហៅ Noya បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចណ៍នោះ បានធ្វើឲ្យមហាជនអ្នកគាំទ្រ និង មិត្តសិល្បករមានក្តីអាលោះអាល័យដល់លោកយ៉ាងខ្លាំង។
ក្នុងនោះ គេបានសង្កេតឃើញថា មានសិល្បករជាច្រើនក៏បានចូលរួមរំលែកទុក្ខនៃការបាត់បង់ សិល្បករវ័យក្មេងរូបនេះ តាមរយៈការទៅចូលរួមបុណ្យសព ក៏ដូចជាការបង្ហោះសារសោកស្តាយយ៉ាងច្រើននៅលើបណ្តាញសង្គម fb ។
ក្នុងនោះ បើក្រឡេកទៅមើលផេកផ្លូវការរបស់ព្រះនាងតូច នរោត្តម ចេនណា ដែលមហាជនបានដឹងថា ក៏ជាដៃគូចម្រៀង និង ធ្វើការរួមគ្នាការផលិតតន្ត្រីជាមួយនឹងលោក Noya កាលនៅមានជីវិតនោះ ព្រះនាងតូច ចេនណា ក៏បានចែករំលែកសាររំលែកទុក្ខ សោកស្តាយ និង រំឮកអនុស្សាវរីយ៍ជាច្រើនផងដែរ ។
សារនោះដែរ ព្រះនាងតូច នរោត្តម ចេនណា បានរៀបរាប់ថា «បងណូយ៉ា ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ! ថ្ងៃនេះបងប្រុស បានចាកចេញទៅដោយគ្មានពាក្យថាលាសូម្បីតែមួយម៉ាត់! ស្តាយណាស់បង យើងនៅមានការងារជាមួយគ្នាជាច្រើនទៀត។ ខ្ញុំសែនក្តុកក្តួលពន់ពេកណាស់ នូវដំណឹងដ៏អកុសលនៃការទទួលមរណភាពរបស់បងប្រុស។ ខ្ញុំមានតែបួងសួងឲ្យវិញ្ញាណក្ខន្ធបង ទៅកាន់ឋានសួគ៌ ទីសុខសាន្ត ជាតិក្រោយកុំអាយុខ្លីដូចជាតិនេះទៀត។ ខ្ញុំក៏អរគុណ នូវអ្វីដែលបងបានជួយកិច្ចការសិល្បៈចម្រៀង ឈ្មោះបងនៅតែមានជានិច្ចក្នុងបេះដូងយើងរាល់គ្នា»៕