មិនខ្វល់អតីតកាល តារាសម្ដែងប្រុស ៤ រូបនេះ ស្រឡាញ់គូស្នេហ៍ជាមេម៉ាយ ខ្លាំងស្ទើរលេប
ក្រៅពីមានទេពកោសល្យប៉ិនប្រសប់នៅក្នុងការសម្ដែងរឿង និង ទាញយកប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជនមួយផ្នែកហើយ តារាប្រុសទាំងនេះថែមទាំងមានរូបសម្រស់ស្រស់សង្ហាជាទីចាប់អារម្មណ៍ដល់នារីៗទាំងឡាយ ។ ទោះបីជាមាននារីជាច្រើនលង់ស្នេហ៍មកលើខ្លួនយ៉ាងណា ក៏តារាប្រុសមុខមានមន្តស្នហ៍ ៤ ដួងនេះ បែរជាមាននិស្ស័យបាក់ចិត្តស្រឡាញ់ទៅលើស្ត្រីមេម៉ាយជាខ្លាំងទៅវិញ ថែមទាំងតារាខ្លះបានឈានទៅដល់សាងគ្រួសារ រស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខពេញទីទៀតផង ។ តើកំលោះសង្ហាទាំង ៤ ដួងមានអ្នកណាខ្លះ?
១. តារាសម្ដែង លោក ស៊ុក សុភា
អតីតតារាសម្ដែងមានភាពល្បីល្បាញខ្លាំងដែលបានដើរតួជា នេនទុំ ក្នុងរឿង «ទុំទាវ» រូបនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយអណិកជនខ្មែរជាអ្នកមេម៉ាយស្រស់ស្អាតកូន ២ រស់នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១២ ។ បន្ទាប់ពីបានរៀបការរួចតារាសម្តែងរូបនេះ ក៏បានទៅរស់នៅប្រទេសអូស្ត្រាលីជាមួយភរិយាយ៉ាងមានក្ដីសុខ ។
២. តារាសម្ដែង លោក ឆឹម សក្កដា
ចំពោះតារាសម្ដែងរាងខ្ពស់ស្រឡះរូបនេះ ធ្លាប់បានបើកបង្ហាញជាសារធារណៈកាលពីពេលកន្លងទៅជាមួយនឹងតារាចម្រៀងដ៏ល្បីឈ្មោះ ពេជ្រ សោភា បើគិតមកដល់ពេលនេះមានរយៈពេលជិត ៥ ឆ្នាំហើយ ។ ទោះបីជាអ្នកទាំងពីរមិនទាន់កំណត់បញ្ជាក់ថាពេលណានឹងដឹកដៃគ្នាចូលរោងការក៏ដោយ តែគូស្នេហ៍តារាគូនេះជាញឹកញាប់តែងតែមានវត្តមាននៅក្នុងកម្មវិធីផ្សេងៗជាមួយគ្នា ហើយក៏មិនដែលមានបញ្ហាអ្វីនឹងគ្នានោះទេ មើលទៅគឺពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ។
៣. តារាសម្ដែងលោក ណា ខុន
តារាសម្ដែងមុខមានមន្តស្នេហ៍រូបនេះ ទើបតែបង្ហាញមុខគូស្នេហ៍ជានារីក្រៅរង្វង់សិល្បៈជាស្ត្រីមេម៉ាយកាលពីពេលថ្មីៗនេះដែរ ដើម្បីបញ្ចប់មន្ទិលសង្ស័យក្រោយពីមហាជនមានការយល់ច្រឡំពីទំនាក់ទំនងលោកជាមួយនឹងតារាស្រី ឌុច លីដា ស្ងាត់ៗរហូតដល់មានកូនមួយនោះ ។
៤. តារាសម្ដែងលោក អែត វីន
ចំពោះតារាសម្ដែងប្រុសរូបនេះក៏មិនខុសពីតារាសម្ដែង ៣ ដួងខាងលើទេ លោកក៏មានទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតជាមួយអ្នកមេម៉ាយកូនពីរ គឺនាង សុទ្ធ បញ្ចកា ហើយពេលនេះអ្នកទាំងពីរបានបណ្ដើរគ្នាជាសារធារណៈ និង បានហៅថាគ្នាប្តីប្រពន្ធពេញៗមាត់ទៀតផងកាលពីពេលកន្លងទៅនេះ ហើយទោះបីអ្នកទាំងពីរធ្លាប់មានរឿងមិនចុះសម្រុងជាមួយគ្នា និង ចុងក្រោយឈានដល់ប្រើហិង្សាដាក់គ្នាក្តី ប៉ុន្តែអ្នកទាំងពីរនៅតែបញ្ជាក់ប្រាប់ថា ស្រឡាញ់ខ្លាំងព្រោះតែប្រចណ្ឌ ទើបឈានដល់បែបនោះ ៕