តារាស្រី ៣ រូបជំនាន់ ៨០-៩០ នេះ នៅតែចាប់អាជីពសិល្បៈ ទោះមិត្តរួមជំនាន់ឈប់អស់!
តាំងពីវិស័យភាពយន្តខ្មែរធ្លាក់ចុះកាលពីជំនាន់ចុងឆ្នាំ ៩០ នោះ តារាសម្តែងប្រុសស្រីក្នុងសម័យនោះជាច្រើនបានសម្រេចចិត្តលាឈប់ពីអាជីព ចែកជើងគ្នាទៅចាប់អាជីបផ្សេងៗគ្នា ហើយក្នុងនោះក៏មានតារាមួយចំនួនធំថែមទាំងបានចាកចេញពីប្រទេសកំណើតទៅរស់នៅក្រៅប្រទេស សាងជីវិត និង ជីវភាពថ្មីនៅទីនោះទៀតផង មានដូចជា ហុក លក្ខិណា អម្ពរ ទេវី សុខ ស្រីមុំ នារី រ័ត្នគន្ធា ជាដើម ។
យ៉ាងណាមិញ ក៏នៅមានតារាសម្តែងស្រីសល់ពីជំនាន់ឆ្នាំ ៨០-៩០ ប៉ុន្មានដួងដែរ ដែលនៅមិនទាន់ដាច់ចិត្តចាកចេញពីសិល្បៈ ដោយនៅក្រាញននៀលតស៊ូចាប់អាជីពសម្តែងនេះរហូតមកដល់បច្ចុប្បន្ន ។ តើតារាសម្តែងស្រីសល់ពីជំនាន់ឆ្នាំ ៨០-៩០ មាននរណាខ្លះ? សូមតាមដានជាមួយ «ប្រជាប្រិយ» ដូចតទៅ ៖
១-អ្នកនាង ចាន់ តារាទី
អ្នកនាង ចាន់ តារាទី គឺជាតារាសម្តែងដ៏មានទេពកោសល្យ និង ទទួលបានការគាំទ្រមួយរូបតាំងពីជំនាន់ឆ្នាំ ៨០ ជាង ហើយបើទោះមិត្តរួមជំនាន់ស្និទ្ធស្នាលជាច្រើនរូបបានសម្រេចចិត្តចេញពីអាជីពសិល្បៈក្តី ប៉ុន្តែតួឯកស្រីដែលមានខ្សែភ្នែកមុត ចាន់ តារាទី រូបនេះនៅតែប្រឡូកអាជីពសិល្បៈនេះដដែល រហូតមកទល់នឹងបច្ចុប្បន្ននេះ ហើយពេលនេះដែរអ្នកនាងក៏បានក្លាយជាតារារៀមច្បង និង ជាតារាគំរូសម្រាប់ពន្លកតារាជំនាន់ក្រោយផងដែរ ។
២-អ្នកនាង ប៉ែន សុផានី
ទោះប្រឡូកសិល្បៈក្រោយអ្នកនាង ចាន់ តារាទី ពិតមែន ប៉ុន្តែអ្នកនាង ប៉ែន សុផានី ក៏ត្រូវបានចាត់ទុកជាតារាសម្តែងស្រីជំនាន់ចុងឆ្នាំ ៨០ និង ដើមឆ្នាំ ៩០ ដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ ។ អ្នកនាង ប៉ែន សុផានី បានមានភាពល្បីល្បាញតាមរយៈការសម្តែងរឿង និង ចម្រៀងកាយវិកាខារ៉ាអូខេជាច្រើន ហើយគ្រាដែលសិល្បៈខ្មែរចាប់ផ្តើមធ្លាក់ចុះកាលពីចុងឆ្នាំ ៩០ នោះ អ្នកនាងក៏មិនបានទៅណាឆ្ងាយពីសិល្បៈដែរ ពោលគឺអ្នកនាងនៅតែបន្តចាប់អាជីពលិចអណ្តែតនេះមិនប្តូរឡើយរហូតមកទល់បច្ចុប្បន្ននេះ ។
៣-អ្នកនាង ចន ច័ន្ទលក្ខិណា
មិនខុសគ្នាពីតារាសម្តែងស្រីខាងលើនោះទេ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏រាប់ទុកជាតារាសម្តែងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយដែរ ក្នុងចំណោមតារាសម្តែងស្រីជំនាន់ឆ្នាំ ៨០-៩០ នោះ ហើយរហូតមកទល់បច្ចុប្បន្ននេះ អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែប្រឡូកក្នុងអាជីពសម្តែងដដែល មិនត្រឹមតែប៉ុណ្ណោះអ្នកនាងថែមទាំងមានតួនាទីជាប្រធានសមាគមសិល្បករខ្មែរនាសម័យថ្មីនេះទៀតផង ៕