ក្រោយដកខ្លួនពីសិល្បៈជិត ២០ ឆ្នាំ តារាទឹកភ្នែក ឯក អមរា កំពុងរស់នៅក្នុងស្ថានភាពមួយនេះ
អ្នកនាង ឯក អមរា គឺជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញមួយរូបក្នុងចំណោមតារាស្រីល្បីៗជាច្រើនរូប កាលពីជំនាន់ទសវត្សរ៍ ៨០-៩០ ដែលអ្នកនាងបានស្ថិតក្នុងក្រអៅបេះដូងអ្នកគាំទ្រជានិច្ច ជាមួយនឹងងារជាកំពូលតារាទឹកភ្នែក ។
គេនៅចាំបានថា រាល់ភាពយន្តខ្មែរជាច្រើនដែលអតីតតារាសម្តែង ឯក អមរា បានចូលរួមសម្តែងកាលពីអតីតកាលនោះ សុទ្ធតែក្តោបបានការគាំទ្រខ្ពស់ពីមហាជន ព្រោះតែទេពកោលស្យសម្តែងដ៏ប៉ិនប្រសប់របស់អ្នកនាង ជាពិសេសក្នុងការសម្តែងតួអង្គយំយែក សោយសោក ដែលនេះជាជំនាញរបស់អតីតតារាសម្តែងរូបនេះ រហូតដល់មហាជនបានដាក់ងារឱ្យជាតារាទឹកភ្នែក ។
ដកខ្លួនចេញពីវិស័យសិល្បៈអស់ប្រមាណជិត ២០ ឆ្នាំមកនេះ អ្នកនាង ឯក អមរា អតីតតារាទឹកភ្នែកហាក់ស្ងប់ស្ងាត់ណាស់ ដែលធ្វើឱ្យអ្នកគាំទ្រនឹករឭកអ្នកនាងយ៉ាងខ្លាំង ។ ជាមួយភាពស្ងប់ស្ងាត់បាត់ដំណឹងឈឹងនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនយល់ថា ប្រហែលជាអ្នកនាងបានចេញពីប្រទេសកំណើតទៅរស់នៅឯប្រទេសក្រៅដូចតារាជើងចាស់ជំនាន់អ្នកនាងជាច្រើននោះបាត់ទៅហើយ ។
យ៉ាងណាមិញ បើតាមការឱ្យដឹងនោះ អ្នកនាង ឯក អមរា មិនបានចាកចេញទៅរស់នៅឯណានោះឡើយ ដោយបច្ចុប្បន្ននេះ អ្នកនាងកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ជាមួយកូនស្រីដ៏ស្រស់ស្អាតម្នាក់ ហើយអ្នកនាងក៏ជាថៅកែស្រីហាងកាត់សក់បុរសមួយកន្លែងថែមទៀត ដែលមានទីតាំងនៅម្ដុំផ្លូវត្រសក់ផ្អែម។ នេះបើតាមការបង្ហាញពីទំព័រហ្វេសប៊ុកផេក Movie star Research។
គួរឱ្យដឹងដែរថា ឯក អមរា ក្រៅពីជាអតីតតារាសម្តែងដ៏មានប្រជាប្រិយភាពកាលពីទសវត្សរ៍ឆ្នាំ ៨០-៩០ នោះ អតីតតារាទឹកភ្នែករូបនេះក៏ជាអតីតបវរកញ្ញាមួយរូប ដែលល្បីល្បាញយ៉ាងខ្លាំងតាមរយៈភាពយន្តខ្មែររាប់មិនអស់នាពេលអតីតកាល ។ អ្នកនាងត្រូវបានបាត់ឈ្មោះពីសិល្បៈក្រោយរៀបការស្វាមី ដោយសម្រេចចិត្តបោះបង់ការសម្ដែងទាំងស្រុងលែងនឹកនា ខុសពីមិត្តរួមជំនាន់មួយចំនួនដែលមកភ្លឹបភ្លែតម្តងម្កាលឱ្យមហាជនឃើញ ដូចជា ហម ឆរ៉ា អម្ពរ ទេវី ចាន់ សុផានី ជាដើមនោះ ៕