ប៉ះស្នេហ៍ស្វាមីលំដាប់អ្នកមាន តារាស្រី ៣ ដួងជាសាច់ថ្លៃ ពួកដៃគ្នាបើកជំនួញធំនៅខេត្តកោះកុង
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាស្រីបីដួងដែលពេលនេះបានក្លាយជាសាច់ថ្លៃនឹងគ្នានោះ បានរួមគ្នាបោះទុនជាច្រើនម៉ឺនដុល្លារបង្កើតជំនួញអចនៈទ្រព្យនៅខេត្តកោះកុង ដែលនឹងដាក់ដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ ។
គេចាំបានថាបងប្អូនត្រកូល គង់ ដែលមានដូចជាលោក គង់ រ៉ាយុទ្ធ ជាម្ចាស់ហាងលក់សម្លៀកបំពាក់រ៉ាយុទ្ធ និង ធ្លាប់ជាតារាសម្តែងផងនោះ សុទ្ធតែមានភរិយាជាតារាក្នុងសិល្បៈដែលមានរូបសម្រស់ស្រស់ស្អាត ។ ក្នុងនោះលោក គង់ រ៉ាយុទ្ធ ជាស្វាមីរបស់អតីតតារាសម្តែង និង ម៉ូដែល អ៊ឹម សុគន្ធា និង គង់ សុខម៉េង ជាស្វាមីរបស់ តារាចម្រៀង ផាន់ ម៉ូនីកា និង លោក គង់ សុខអេង ជាស្វាមីរបស់តារាចម្រៀង អេនជី ។
ថ្មីៗនេះដែរតារាស្រីទាំងបីដួងដែលមានប្រវត្តិជាអ្នកសិល្បៈ ហើយសព្វថ្ងៃកំពុងសោយសុខក្នុងជីវភាពយ៉ាងស្តុកស្តម្ភនោះ បានងាកមកចាប់ដៃគ្នាបង្កើតជំនួញអចលនៈទ្រព្យជាលក្ខណៈគ្រួសារ ដែលមានដូចជាដីឡូត៍ ផ្ទះលម្ហែ ជាដើម បន្ថែមពីលើកមុខរបរជាច្រើនក្នុងដៃ ។
ក្នុងនោះក៏មានការសរសើរពីសំណាក់មហាជន ក៏ដូចជាមិត្តភក្តិរួមអាជីពដល់សំណាងរបស់តារាស្រីទាំងបី ដែលមានឆ្អឹងអណ្តែត ជាពិសេសក្រោយពីពួកគេរកបានដៃគូដែលសុទ្ធសឹងជាបុរសល្អ និង ជាអ្នកជំនួញជោគជ័យ ហើយពេលនេះគេជឿថាតារាទាំងបីនឹងកាន់តែមិនមានពេលវេលានៅក្នុងការងារសិល្បៈ ខណៈពួកគេរួមគ្នា បង្កើតមុខជំនួញធំបែបនេះ ៕