ជីមមី ទម្លាយអាថ៌កំបាំងអស្ចារ្យមួយ នៅពីក្រោយការគ្រងឈុតបុរាណមួយនេះ!
បើនិយាយពីពិធីការិនីសាច់សខ្ចីសំឡេងពីរោះ ពូកែវោហារមួយរូបនោះគឺ ជីមមី មហាជនច្បាស់ជាស្គាល់រួចមកហើយ ព្រោះរូបនាង មិនត្រឹមតែមានសំឡេងទាក់ទាញចិត្តទស្សនិកជននោះទេ តែនាងថែមទាំងមានរូបរាងស្រស់ស្អាតខ្លាំង មិនថាស្លៀកពាក់ក្នុងឈុតបែបទាន់សម័យ ឬ បែបបុរាណនោះឡើយ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ពិធីការិនីរាងស្រឡូនរូបនេះ បានតុបតែងខ្លួនក្នុងឈុតសម័យបុរាណមួយ ដែលនាងបានបញ្ជាក់ថាជាឈុតនៅក្នុងសម័យឧដុង្គ និងបានរៀបរាប់ពីអត្ថន័យខ្លឹមសារយ៉ាងវែងអន្លាយទាក់ទងទៅនឹងឈុតមួយនេះ ដែលមនុស្សភាគច្រើនពុំសូវបានដឹងទេទៀតផង។
ក្នុងនោះដែរ ពិធីការនីសំឡេងផ្អែមរូបនេះ បានសរសេររៀបរាប់ថា៖ «ឈុតដែលនាងខ្ញុំកំពុងតែគ្រងនេះ គឺជាឈុតនារីអភិជននាសម័យឧដុង្គ ។ ឈុតនេះកាលពីសម័យឧដុង្គអ្នកអភិជនតែងតែប្រើប្រាស់សរសៃសូត្រមាសដើម្បីឌិននៅលើស្បៃគ្របពីលើខ្លួន ។ សម្រាប់សក់ទៀតសោត នារីសម័យនោះមានម៉ូដសក់ដែលបញ្ជាក់ភាពនៅលីវ និងស្ត្រីដែលមានគ្រួសារហើយ។ ស្ត្រីដែល នៅលីវ ការចងសក់គឺត្រូវចងសក់ឡើងខ្ពស់ស្មើជាមួយនឹងត្រចៀក បើវាស់តាមខ្សែត្រង់ពីក្រោមឡើងទៅលើ ។ ស្ត្រីដែលមានគ្រួសារគឺចង់សក់រាងទាបមកខាងក្រោមស្មើនឹងកញ្ចឹងក។ នេះបើតាមការបរិយាយរ៉ាយរ៉ាប់ពីអ្នកជំនាញគ្រងឈុតបុរាណខ្មែរ ដែលបានសិក្សា និង មានតួនាទីជាគ្រូសិល្បៈខ្មែរយើង»។
នៅក្នុងនោះដែរ ជីមមី ក៏បានបន្ថែមទៀតថា៖ «បើសិនជាមានការខុសទាស់ ឬ មិនគ្រប់ចំណុចត្រង់ណាសូមបងប្អូនមេត្តាអាធ្យាស្រ័យ ។ ហើយបើសិនជាបងប្អូនជ្រាបទាក់ទងជាមួយនឹងឈុតមួយនេះជួយខំមិននៅខាងក្រោមផងដើម្បីឲ្យបងប្អូនខ្មែររបស់យើងកាន់តែស្គាល់ច្បាស់»។
ចំពោះការគ្រងឈុតបុរាណនេះ រឹតតែធ្វើឲ្យពិធីការិនីរូបនេះ កាន់តែមានសម្រស់ស្រស់ស្អាត និង មានភាពទាក់ទាញមួយកម្រិតទៀត៕