បាត់មុខច្រើនឆ្នាំអតីតតារាចម្រៀង យុទ្ធិ ស័ក្តិ ប្រើជីវិតស្ងប់ស្ងាត់ រស់នៅយ៉ាងសាមញ្ញ
ជឿជាក់ថា មហាជនប្រាកដជានៅចាំតារាសម្តែង និង ចម្រៀងសម្បុរស្រអែមលោក យុទ្ធិ ស័ក្តិ ដែលបានចាកចេញពីអាជីពសិល្បៈប្រមាណជា ១០ ឆ្នាំមកហើយ តែអ្វីដែលចាប់អារម្មណ៍លោកនៅតែមានរូបរាង ស្រស់សង្ហាហាក់មិនមានការប្រែប្រួលពីមុនឡើយ។
លោក យុទ្ធិ ស័ក្តិ បានបណ្តើរភរិយាដែលជាអតីតម្ចាស់ផលិតកម្មរៃមាស តោមាស ចូលរួមនៅក្នុងកម្មវិធីរៀបមង្គលការរបស់ប្អូនស្រី នី មុន្នីនាថ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្នុងនោះ គេសង្កេតឃើញថាលោកនៅតែមានរូបរាងស្រស់សង្ហាហាក់មិនប្រែប្រួលទៅតាមវ័យនោះឡើយ។
ជារឿយៗ លោក និង ភរិយា តែងលេចមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិមិនដែលខកខានឡើយ បើទោះបញ្ចប់អាជីពនេះយូរឆ្នាំក្តី។ ពេលនេះដែរ លោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយាដោយពេលខ្លះ លោកក៏បានលេចមុខជាមួយភរិយា ក្នុងការឡាយផ្ទាល់លក់សម្លៀកបំពាក់អនឡាញផងដែរ។
គួរឱ្យដឹងថា លោក យុទ្ធិ ស័ក្ដិ ធ្លាប់ជាតារាសម្តែង ដែលមានឈ្មោះបោះសំឡេងកាលពីអំឡុងឆ្នាំ ២០០០ ដោយកាលណោះលោកលេចធ្លោនៅក្នុងការសម្តែងរឿងភាគ និង ចម្រៀងខារ៉ាអូខេ។ មួយវិញទៀត លោកក៏ជាតារាចម្រៀងនៅក្នុងផលិតកម្មតោមាស រៃមាស ផងដែរ។ លោកធ្លាប់បានរៀបការជាមួយ តារាចម្រៀង ស៊ិន ឧត្តមផល្លា តែក្រោយមកក៏បានចែកផ្លូវគ្នាដោយបន្សល់កូនមួយជាចំណងដៃ។ បើតាមដឹងលោកបានបញ្ចប់អាជីពសិល្បៈកាលពីឆ្នាំ ២០១០ មកម្ល៉េះ។ ក្រោយមក អតីតតារាសម្តែងសម្បុរស្រអែមរូបនេះ បានភ្ជាប់ស្នេហ៍ជាមួយម្ចាស់ផលិតកម្មរៃមាស តោមាស និង បានរួមរស់នៅជាមួយគ្នា រហូតដល់បច្ចុប្បន្ន ៕