រំភើបណាស់! អ្នកទទួលស្វាគមន៍ សាយ នៅខេត្តសៀមរាប សុទ្ធតែកងទ័ពធ្នូបុរាណរត់អម
ប្រមាណមួយខែហើយនៃដំណើរការកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ក្នុងការរៃអង្គាសថវិកាជួយដល់កុមារៗក្នុងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាបបើគិតពីថ្ងៃចាប់ផ្តើមទី ៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនោះ ។
មកដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះដែរ សាយ បានធ្វើដំណើរមកខេត្តសៀមរាបហើយ ហើយអ្វីដែលគេចាប់អារម្មណ៍នោះ អ្នកគាំទ្រនៅខេត្តសៀមរាបយ៉ាងច្រើនកុះករបានរៀបចំកម្មវិធីទទួលស្វាមគមន៍តារាចម្រៀង សាយ យ៉ាងកក់ក្តៅបំផុត ក្នុងនោះគេក៏សង្កេតឃើញមានកងទ័ពធ្នូបុរាណមករត់អមដើម្បីជាកម្លាំងចិត្ត បន្ថែមភាពក្លៀវក្លាខ្លាំងបន្ថែមដល់តារាចម្រៀង Original Song រូបនេះទៀតផង ។
កាន់តែរំភើបនោះ បើតាមទំពហ្វេសប៊ុក Cambodia Amazing Trip Planner បានឱ្យដឹងថា អ្នកគាំទ្រនៅខេត្តសៀមរាប និង កងទ័ពធ្នូបុរាណទាំងអស់ ថែមទាំងបានហៅតារាចម្រៀង សាយ ថាជាវីរបុរស ទៀតផង ក្នុងសកម្មភាពរត់ដើម្បីសប្បុរសធម៌ជួយកុមារក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះ ។
គួរឱ្យដឹងដែរថា មកដល់ពេលនេះ តារាចម្រៀង សាយ រត់បានក្នុងរយៈចម្ងាយរហូតដល់ទៅជាង ១០០០ គីឡូម៉ែត្រហើយ ចំណែកឯថវិកាបឋមដែលរៃអង្គាសបានពីការចូលរួមពីសាធារណជនក្នុងការគាំទ្រយុទ្ធនាការនេះមានចំនួនទឹកប្រាក់ដល់ទៅ ១ ៣០២ ៩៩៦ ១២៥ រៀល (គិតត្រឹមថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០) ដោយយោងតាមគេហទំព័ផ្លូវការរបស់ សាយ បានបង្ហោះកន្លងទៅនេះ ៕