បាត់មុខក្នុវិថីសិល្បៈ តារាចម្រៀងសំនៀងរដឺន សូ សុភ័ក្រ្ត កំពុងសំងំប្រើជីវិតយ៉ាងសាមញ្ញ
ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេ នូវវត្តមានតារាចម្រៀងសំនៀងរដឺនមានមន្តស្នេហ៍ ដែលមានដើមកំណើតពីទឹកដីអង្គរ ខេត្តសៀមរាប គឺអ្នកនាង សូ សុភ័ក្ត្រ នោះ ។
អ្នកនាង សូ សុភ័ក្រ្ត បានរសាត់បាត់វត្តមានឈឹងពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងបានសម្រេចចិត្តរៀបការ និង តាមស្វាមីទៅរស់នៅឯទឹកដីប្រាក់ដុល្លារសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០០២ មកនោះ ។ ទោះបីថាឃ្លាតឆ្ងាយពីដែនដីកំណើត និង ឆ្ងាយសិល្បៈក្នុងស្រុកក្តី ប៉ុន្តែបច្ចុប្បន្នអ្នកនាង សូ សុភ័ក្រ្ត នៅតែចាប់យកអាជីពនេះម្តងម្កាលដែរនៅទឹកដីសហរដ្ឋអាមេរិក ហើយបន្ថែមលើអាជីពនេះ អ្នកនាងក៏មានជំនួញមួយទៀត គឺបើកហាងកាត់សក់មួយកន្លែងនៅក្នុងទីក្រុងឡូវ៉ែល (Lowell) ។
នៅលើទឹកដីសហរដ្ឋអាមេរិកនោះ អ្នកនាង សូ សុភ័ក្រ្ត កំពុងប្រើជីវិតរស់នៅយ៉ាងមានសេចក្តីសុខ និង សុភមង្គលខ្លាំងជាមួយគ្រួសារ ហើយបន្ទាប់ពីរៀបការជាមួយស្វាមីនោះ អ្នកចម្រៀងសំនៀងរដឺនដែលជាទ្រព្យនាំឱ្យមានកេរ្តិ៍ឈ្មោះភាពល្បីល្បាញរូបនេះ ក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍នូវកូនប្រុសចំនួន ២ នាក់ផងដែរ ។
គួរឱ្យដឹងដែរថា អ្នកនាង សូ សុភ័ក្រ្ត គឺជាតារាចម្រៀងខ្មែរម្នាក់ដែលមានប្រភពចេញពីខេត្តសៀមរាប និង បានប្រឡូកក្នុងអាជីពសិល្បៈនេះតាំងពីមានអាយុ ៧ ឆ្នាំ តាមចម្រៀងវង់ភ្លេងខ្មែរ ហើយរហូតមកដល់អាយុ ១៣ ឆ្នាំ ទើបអ្នកចម្រៀងសំនៀងរដឺនរូបនេះបានបោះជំហានចូលចាប់ពេញដៃជើងក្នុងអាជីពចម្រៀងសម័យ ។
អ្វីដែលគួរឱ្យកត់សម្គាល់គឺអ្នកនាងជាដៃគូចម្រៀងដ៏ស័ក្តិសមជាមួយលោក ឈឿន ឧត្តម ដែលបទល្បីៗរបស់អ្នកចម្រៀងទាំង ២ នេះមានដូចជា «អត់មានគូប្រៀប» «ស្រីស្រស់ប្រុសស្អាត» «បានហើយ បានហើយ» «ចិត្តយើងដូចគ្នា» ជាដើម និង បទចម្រៀងទោលមាន «លោកអធិការ» «ប្រុសក្បាលខូច» «សុំថើប» និង បទជាច្រើនទៀតជាដើម ៕