សុវណ្ណ មករា ឈឺចិត្តដែលត្រូវមនុស្សទុកចិត្ត បោកលុយធ្វើបាបដល់ថ្នាក់នេះ
ថ្មីៗនេះ តារាសម្តែង សុវណ្ណ មករា បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារាសម្តែងប្រុសរូបនេះ បានបង្ហោះសារយ៉ាងវែងមួយចូលទៅកាន់បណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះលោកបានបង្ហាញថា លោកបានចាញ់បោកមនុស្សដែលលោកបានទុកចិត្តបំផុត និង ឱ្យតម្លៃ ។
សារដែលបង្ហោះនោះ តារាសម្តែង សុវណ្ណ មករា បានសរសេររៀបរាប់ថា «ទ្រាំព្រោះតែអាណិត មិននិយាយការពិតព្រោះតែស្រឡាញ់ បើឱ្យខ្ញុំកាន់ដំឡូងដែលក្ដៅ ខ្ញុំអាចហូបបានខ្លះ តែបើឱ្យខ្ញុំនឹងកាន់ដុំដែកដែលក្ដៅហើយកាន់តែម្នាក់ឯងនោះ ដូចជាមិនសូវល្អទេមើលទៅ ។ ចេះឱ្យក្រែងចេះគេផងបាទ ពីមនុស្សម្នាក់ដែលគេគិតថាខ្ញុំនឹងល្ងង់ តាមពិតទៅខ្ញុំឱ្យមនុស្សដែលខ្ញុំស្រឡាញ់ ហើយឱ្យតម្លៃបោកខ្ញុំទៅដោយសារគ្មានអ្នកណាដែលនៅឆ្ងាយបោកខ្ញុំបាននោះទេ គឺមានតែមនុស្សដែលយើងឱ្យតម្លៃនឹងហើយដែលមុខល្អក្រោយខ្នងអាក្រក់ ។ ហេតុអីក៏ធ្វើបាបខ្ញុំអ៊ីចឹង ខ្ញុំមានម្ដាយដែលខ្ញុំមិនទាន់បានសងគុណគាត់អស់នោះទេ ហើយខ្ញុំមានកូនៗរបស់ខ្ញុំទៀតដែលត្រូវមើលថែ បើបានជាយករបស់ខ្ញុំទៅធ្វើការ ហើយក៏សូមឱ្យមានជាលទ្ធផលផង ព្រោះប្រាក់ទាំងអស់នោះខ្ញុំក៏យកពីគេមកដែរ កុំសប្បាយនៅលើគំនរទុក្ខរបស់ខ្ញុំអី» ។
ទោះបីជាតារាសម្តែង សុវណ្ណ មករា បានផុសសាររៀបរាប់យ៉ាងវែងបែបនេះក្តី ប៉ុន្តែក្នុងនោះតារាសម្តែងរូបនេះមិនបានបង្ហាញអត្តសញ្ញាណអ្នកដែលបានបោកលោកនោះដែរ ។ យ៉ាងណាមិញ ចំពោះរឿងរ៉ាវដែលតារាសម្តែង សុវណ្ណ មករា និយាយមនុស្សដែលលោកទុកចិត្ត និង តែងឱ្យតម្លៃបោកលោកនេះ ទំនងជាពាក់ព័ន្ធនឹងបញ្ហាលុយកាក់ ព្រោះលោកបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសារដែលលោកបានបង្ហោះនោះ ៕