អ៊ឹម ជីវ៉ា អាយុ ៤០ ឆ្នាំហើយ នៅតែសង្ហា ក្មេងជាងវ័យ
លោក អ៊ឹម ជីវ៉ា ត្រូវបានមហាជនខ្មែរស្គាល់ច្បាស់ថាលោក គឺជាសិល្បករម្នាក់ដែលតែងតែឈឺឆ្អាល និង ខ្វល់ខ្វាយខ្លាំងក្នុងសកម្មភាពសប្បុរសធម៌ ដោយកន្លងមកគេតែងតែឃើញលោកធ្វើការងារនេះជារឿយៗ និង បានជួយដល់អ្នកសិល្បៈខ្វះខាតក្នុងជីវភាពជាច្រើន ហើយតារាប្រុសរូបនេះក៏ថែមទាំងបានជួយជ្រោមជ្រែង និង បានផ្តល់ឱកាសឱ្យបុគ្គលល្បីក្នុងហ្វេសប៊ុក, Tik Tok មួយចំនួនមានការងារធ្វើក្នុងសិល្បៈផងដែរ ។
តាមរយៈសកម្មភាពសប្បុរសធម៌នេះដែរ លោក អ៊ឹម ជីវ៉ា ក៏តែងទទួលបានការកោតសរសើរពីមហាជននូវទឹកចិត្ត និង ការលះបង់របស់លោកជាច្រើនផងដែរ ។ ងាកចេញពីរឿងសិល្បៈ និង ការងារសប្បុរសធម៌ដែលតារារូបនេះតែងធ្វើ ហើយផ្តោតមកមើលពីជីវិតឯកជនក្រៅឆាកវិញម្តង ដោយសព្វថ្ងៃនេះ ដ្បិតថាលោកមមាញឹកនឹងការងារខាងលើក្តី ប៉ុន្តែគេនៅតែចាប់អារម្មណ៍ឃើញតារាប្រុសរូបនេះនៅតែពូកែថែសម្រស់ខ្លួនឱ្យនៅតែស្រស់សង្ហាដដែល ។
ជាក់ស្តែង រាល់ពេលដែលតារាប្រុសរូបនេះចេញទៅកម្មវិធីនានាម្តងៗ ឬ មិនថាការប្រើប្រាស់ភាពសាមញ្ញនៅផ្ទះប្រចាំថ្ងៃនោះទេ គេតែងឃើញលោកមានការរៀបចំខ្លួនសមសួនទាំងព្រម ទាំងការស្លៀកពាក់ ស្ទីលម៉ូដសក់ ជាដើមនោះ ។ ទន្ទឹមគ្នានឹងការមើលឃើញលោក អ៊ឹម ជីវ៉ា ពូកែថែភាពឥតខ្ចោះរបស់ខ្លួននេះដែរ បានធ្វើឱ្យមហាជនលើកឡើងជាចម្ងល់ថា តើឆ្នាំនេះ លោក អ៊ឹម ជីវ៉ា មានវ័យប៉ុន្មានឆ្នាំហើយ? ទើបបានជាឃើញលោកនៅស្រស់សង្ហាមិនចាស់សោះ ។
បើតាមសម្តីដែលលោក អ៊ឹម ជីវ៉ា និយាយក្នុងពេលធ្វើបទសម្ភាសជាមួយពិធីការិនី កែវ ចាន់និមល ក្នុងកម្មវិធីបង្កក់កូនតារាចម្រៀង សួស វីសា កាលពីថ្មីៗនេះបានឱ្យដឹងថា ឆ្នាំនេះលោកមានអាយុប្រមាណ ៤០ ឆ្នាំហើយ ។ ក្នុងបទសម្ភាសនោះលោកបានសួរអាយុពិធីការិនី កែវ ចាន់និមល ដំបូងថា ឆ្នាំនេះមានអាយុប៉ុន្មាន? ហើយពិធីការិនី និមល ក៏បានឆ្លើយថានាងមានអាយុ ៣៥ ឆ្នាំចូល ៣៦ ឆ្នាំ ភ្លាមនោះលោក អ៊ឹម ជីវ៉ា ក៏បានបន្ថែមថា ពិធីការិនីរូបនេះគឺមានអាយុប្អូនខ្លួន ៤ ឆ្នាំ ដែលបញ្ជាក់ថាលោកនៅក្នុងឆ្នាំនេះ គឺមានអាយុ ៤០ ឆ្នាំគត់ ៕