ប្រកួតបឋម Miss Universe Cambodia ល្ងាចនេះ បិទមិនឱ្យចូលទស្សនា ដើម្បីទប់ស្កាត់បញ្ហាកូវីដ-១៩
ក្រោយពីបានបង្ហាញមុខបេក្ខភាពចុងក្រោយទាំង ២០ នាក់ នៃកម្មវិធីប្រកួតសម្រស់ និង សមត្ថភាពនារីដ៏ធំប្រចាំប្រទេសកម្ពុជា Miss Universe Cambodia 2020 កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ ហើយនោះ បច្ចុប្បន្នបេក្ខភាពទាំង ២០ រូប ក៏កំពុងតែត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួនសាជាថ្មីក្នុងវគ្គជម្រុះបឋមនៅល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ។
ទន្ទឹមនឹងពេលវេលាដែលអ្នកស្នេហាវិស័យបវរកញ្ញាកំពុងរង់ចាំការប្រកួតវគ្គជម្រុះបឋម ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រនេះដែរ តាមការឱ្យដឹងកន្លងមកនោះ គឺកម្មវិធីមិនអនុញ្ញាតឱ្យមហាជនអ្នកគាំទ្រចូលរួមទស្សនាឡើយ ដោយកំណត់ចំនួនអ្នកចូលរួម ។ ជាមួយគ្នានេះដែរ បើតាមលោក រ័ត្ន និមល អ្នកគ្រប់គ្រងកម្មវិធីប្រកួតនេះបានឱ្យដឹងតាមទំព័រហ្វេសប៊ុកថា កម្មវិធីប្រកួតបឋមនាល្ងាចនេះគឺមិនមានការអញ្ជើញភ្ញៀវឱ្យចូលរួមទេ ដើម្បីឆ្លើយតបនឹងការទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ។
«ខ្ញុំបាទសុំអភ័យទោសចំពោះការមិនបានអញ្ជើញបងប្អូនទាំងអស់គ្នាជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រកួតបឋម នៃបវរកញ្ញាចក្រវាលកម្ពុជា ២០២០ ដោយសារស្ថានភាពមិនអំណោយផលនៃបញ្ហាជំងឺ COVID-19 ។ កម្មវិធីរៀបចំពេលនេះគឺជាកម្មវិធីទូរទស្សន៍ (TV Show) មួយតែប៉ុណ្ណោះ មិនមានអញ្ជើញអ្នកទស្សនាចូលរួមឡើយ ហើយបេក្ខនារី និង ក្រុមការងារគឺប្រកាន់ខ្ជាប់នូវអនាម័យ និង រក្សាគំលាតគ្នាជានិច្ច! សូមអរគុណ!» ។ នេះជាការលើឡើងរបស់លោក រ័ត្ន និមល លើបណ្តាញសង្គមហ្វេសប៊ុក ។
គួរបញ្ជាក់ថា ទោះជាកម្មវិធីវគ្គជម្រុះបឋមនៃ Miss Universe Cambodia 2020 ដែលនឹងរៀបចំនៅល្ងាចនេះ មិនបានបើកឱ្យមានការចូលទស្សនាដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែកម្មវិធីនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័នដដែល ចាប់ពីវេលាម៉ោង ៨ យប់តទៅ ៕