អ៊ុំ គន្ធា ធ្លាក់សម្រស់ខ្លាំង ខណៈឱបជំងឺសង្គមជិត ២០ ឆ្នាំ ឃើញហើយគួរឱ្យអាណិត
កាលពីថ្ងៃទី ៤ ដើមខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ លោក អ៊ឹម ជីវ៉ា បាននាំយកអំណោយសម្បុរធម៌របស់លោកជំទាវ ប៊ុនណារី អគ្គនាយិការ សាលាញូវហ្គេតវ៉េអន្តរជាតិ ចំនួន ២០០ ដុល្លារ ដល់អតីតតារាចម្រៀងយេៗ អ៊ុំ គន្ធា ដោយក្នុងនោះដែរលោក អ៊ឹម ជីវ៉ា ក៏បានឱ្យដឹងដែរថា មិនត្រឹមតែជំនួយជាទឹកប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែសម្បុរសជនក៏បានជួយសម្រួលការសិក្សាដល់កូនទាំងពីររបស់អតីតតារាចម្រៀងរូបនេះផងដែរ ។
ស្របពេលដែលលោក អ៊ឹម ជីវ៉ា នាំយកជំនួយសម្បុរសធម៌នោះ គេបានកត់សម្គាល់ឃើញស្ថានភាពអតីតតារាចម្រៀង អ៊ុំ គន្ធា ដែលហាក់កាន់តែយ៉ាប់យឺនឡើងក្នុងរឿងជីវភាព ជាពិសេសគឺសម្រស់របស់នាងបានបាក់ធ្លាក់ប្រែជាខ្មៅ មុខជាំៗយ៉ាងខ្លាំង មើលទៅគួរឱ្យអាណិតក្រៃលែង ។ បើតាមលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា អតីតតារាចម្រៀង អ៊ុំ គន្ធា នៅពេលនេះកំពុងរស់នៅក្នុងជីវភាពខ្វះខាតយ៉ាងខ្លាំង ដោយនាងមានកូនប្រុស ២ នាក់ទៀតនៅក្នុងបន្ទុក ។
តាមលោក អ៊ឹម ជីវ៉ា ដដែលបានបន្តឱ្យដឹងទៀតថា ទោះបីជាមានមនុស្សមួយចំនួនបានមើលងាយអតីតតារាចម្រៀង អ៊ុំ គន្ធា យ៉ាងណាក្តី ប៉ុន្តែនាងមិនខឹងសម្បាអ្វីនោះដែរ ដោយនាងគិតថាជីវិតគឺជាការតស៊ូ តស៊ូរហូតដង្ហើមចុងក្រោយ ហើយសព្វថ្ងៃនេះអតីតតារាចម្រៀង អ៊ុំ គន្ធា កំពុងរស់នៅជាមួយបងប្អូននៅភូមិវិមានទ្រង់ សង្កាត់ក្រាំង ក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
គួរឱ្យដឹងដែរថា អតីតតារាចម្រៀងយេៗ អ៊ុំ គន្ធា បានឃ្លាតចាកពីសិល្បៈអស់រយៈពេលជិត ១០ ឆ្នាំមកហើយ ដោយបន្ទាប់ពីនាងបានកើតជំងឺសង្គមរយៈ ១៨ ឆ្នាំមកនេះ ធ្វើឱ្យនាងគេចខ្លួនពីពិភពសិល្បៈ ហើយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនទាំង ២ ដែលមិនបានទទួលការសិក្សារៀនសូត្រគ្រប់គ្រាន់មកដល់ពេលបច្ចុប្បន្ននេះ ៕