តារា ២ ដួង បោះទុនរាប់ម៉ឺនដុល្លារ ស្រវាមុខរបរលក់រថយន្ត
ក្រៅពីអាជីពសិល្បៈ មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញតារាក្នុងសិល្បៈជាច្រើន បាននាំគ្នាងាកមកចាប់អាជីពបន្ថែមស្ទើរគ្រប់គ្នា។ យ៉ាងណាមិញ តារាចម្រៀង ២ ដួងបានងាកមកចាប់របរលក់រថយន្តព្រមគ្នា ដែលពេលនេះអាជីពរបស់ពួកគេក៏ជោគជ័យផងដែរ ។
ស្របពេលអាជីពសិល្បៈមិនសូវមមាញឹក ដោយសារកូវីដ ១៩ កាលពីប៉ុន្មានខែមុន តារាពូកែលេងស្ទីលរាំលោក អ៊ីណូ ក៏បានងាកមកចាប់មុខរបរលក់រថយន្តគ្រប់ប្រភេទ។ ដំបូងឡើយ គេតែងតែឃើញលោកចំណាយពេល ឡាយវីដេអូនៅតាមអនឡាញ តែក្រោយពីរបរមួយនេះជោគជ័យ មួយរយៈមុន តារាចម្រៀង អ៊ីណូ ក៏ចាប់ផ្តើមបោះទុនប្រមាណជា ៥០ ម៉ឺនដុល្លារដើម្បីបង្កើតឃ្លាំង លក់រថយន្តទំនើប ដែលមានទីតាំងនៅម្តុំផ្សារម៉ាក្រូ ដែលមានស្លាកយីហាថា «អ៊ីណូ»។ ការបោះទុនបង្កើតរបរមួយនេះរបស់ អ៊ីណូ បានធ្វើឱ្យមហាជនជា ពិសេសមិត្តភក្តិក្នុងសិល្បៈ មានការភ្ញាក់ផ្អើល និង សរសើរលោកគ្រប់ៗគ្នា ។
ងាកមកតារាចម្រៀង ជុំ លីណូ ឯណេះក៏មិនខុសពីលោក អ៊ីណូ ប៉ុន្មានដែរ លោកក៏បានងាកមកចាប់អាជីពលក់រថយន្តបន្ថែមពីលើការងារសិល្បៈ។ បើទោះបី ការចំណាយដើមទុនរបស់លោកមិនទាន់ ធំដុំ ដូច អ៊ីណូ ក្តីតែរបរមួយនេះក៏មិនធ្វើឱ្យ ជុំ លីណូ ខកបំណងដែរ។ ពេលនេះ មុខរបរថ្មីរបស់លោក ក៏កំពុងដំណើរការយ៉ាងរលូន។ គួរឱ្យដឹងថា ជុំ លីណូ កាន់តែប្រឹងប្រែងបន្ថែម ដើម្បីគ្រួសាររបស់លោក ខណៈដែលពេលនេះ លោកក៏មានភរិយា និង កូនស្រីជាទីស្រឡាញ់ម្នាក់ផងដែរ៕