សម្តែង និង ច្រៀងល្បីអស់ចិត្ត តារាកូរ៉េទាំងនេះងាកមកបោះទុនបើកផលិតកម្មផ្ទាល់ខ្លួន
នៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានសន្ទុះខ្លាំងនៅក្នុងវិស័យសិល្បៈ ជាក់ស្តែងលើវិស័យ K-Pop តែម្តង ដែលមានការបណ្តុះបណ្តាល និង រីកចម្រើនខ្លាំងឡើងទាំងបណ្តាផលិតកម្ម និង សិល្បករសិល្បការិនី ។
អ្វីដែលគួរកត់សម្គាល់ទៀតនោះ មហាជនអ្នកគាំទ្របានសង្កេតឃើញថា មានតារា K-Pop ល្បីៗមួយចំនួនមកហើយ ដែលបានបោះជំហានពីតារាចម្រៀង តារាសម្តែង បង្កើតផលិតកម្មផ្ទាល់ខ្លួនបន្ថែមទៀត ។ ខាងក្រោមនេះ «ប្រជាប្រិយ» នឹងលើកយកជាតារា K-Pop ប្រុសស្រី ៥ រូប ដែលមានឈ្មោះបោះសំឡេង ព្រមទាំងបើកផលិតកម្មផ្ទាល់ខ្លួន ៖
១) Rain
បន្ទាប់បានចាកចេញពីផលិតកម្ម J.Y.P នៅខែវិច្ឆិកា ឆ្នាំ ២០០៧ Rain បានបង្កើតផលិតកម្មផ្ទាល់ខ្លួនមានឈ្មោះថា J.Tune ។ ក្រោយមកលោកក៏បានលក់ភាគហ៊ុនផលិតកម្មនេះ ឲ្យទៅផលិតកម្ម J.Y.P ដែលមាន Park Jin Young ជាអ្នកគ្រប់គ្រង ។ មិនបានប៉ុន្មាននៅឆ្នាំ ២០១៥ Rain ក៏បានបើកផលិតកម្មថ្មីមួយទៀតក្រោមឈ្មោះលោកថា «Rain Company» ដែលជាទីកន្លែងបណ្តុះបណ្តាលសិល្បករល្បីៗជាច្រើនផងដែរ ។
២) Park Jin Young
សិល្បករចាស់វស្សារូបនេះ បានចាប់ផ្តើមចូលប្រឡូកសិល្បតាំងពីឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ ១៩៩៧ លោកក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនដែលមានឈ្មោះថា J.Y.P Entertainment ។ ផលិតកម្មរបស់ Park Jin Young គឺជាទីកន្លែងមួយបានបណ្តុះបណ្តាល និង សាងតារាប្រុសស្រីជាច្រើនឲ្យល្បីល្បាញ ។
៣) Jay Park
តារាចម្រៀងរ៉េប Jay Park បានចាប់ផ្តើមបង្កើតផលិតកម្មផ្ទាល់ខ្លួន ក្នុងឆ្នាំ ២០១៣ ដែលមានឈ្មោះថា Above Ordinary Music Group (A.O.M.G.) ។ បច្ចុប្បន្ន មិនត្រឹមតែជាស្ថាបនិកក្នុងផលិតកម្មតែម្យ៉ាងនោះទេ តែលោកក៏ជាអ្នកនិពន្ធ និង អ្នកចម្រៀងក្នុងផលិតកម្មនេះដែរ ។
៤) Zico
តារាចម្រៀង និង អ្នកនិពន្ធ Zico ក្រោយពីចាកចេញពី Seven Season Agency ហើយនោះ លោកបានបង្កើតផលិតកម្មផ្ទាល់ខ្លួនមានឈ្មោះថា K.OZ ។ Zico បានបង្កើតផលិតកម្មនេះដែរ គឺក្នុងគោលបំណង ដើម្បីបង្កើតតន្ត្រីផ្ទាល់ខ្លួន ។
៥) Minzy
ក្រោយពីបានប្រកាសគោលដៅបើកផលិតកម្មផ្ទាល់ខ្លួន ដែលមានការឧបត្ថម្ភពីលោកប៉ាហើយនោះ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ អតីតសមាជិក 2NE1 «Minzy» បានសម្រេចក្តីស្រមៃហើយ ដោយផលិតកម្មរបស់នាងបានបើកជាផ្លូវការ និង មានឈ្មោះថា «MZ Entertainment» ៕