ឌីជេ ណាណា បង្រៀនកូនតូចឱ្យហៅ «ម៉ែ» កំពុងទទួលការសរសើរពីមហាជន (វីដេអូ)
បើគិតមកទល់ពេលនេះ ពិធីការិនីឆ្នើម ណាណា បានសម្រាលកូនរយៈពេលប្រមាណជាង ១ ខែហើយ ដោយក្នុងនោះមហាជនអ្នកគាំទ្រ ក៏បានឃើញវត្តមានរបស់ពិធីការិនីរូបនេះតាមរយៈសកម្មភាពជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុក ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កាលពីពេលថ្មីៗនេះ ពិធីការិនីមានប្រជាប្រិយរូបនេះ បានបង្ហោះវីដេអូមួយជាមួយនឹងកូនប្រុស និង ស្វាមី ដែលភ្ជាប់ជាមួយសារលេងសើចមួយថា «ខ្ញុំអើយខ្ញុំ មិនគួរណាឡើយស្រឡាញ់ប៉ាគេពេកមើលទៅ បានជាកូនកើតមកមុខដូចប៉ាៗដាច់ ហើយពេលនេះបៅដោះខ្ញុំសោះ តែដូចជាស្រឡាញ់តែប៉ាគេ» ។ សារនោះដែរ ក៏មានការចូលរួមបញ្ចេញមតិឆ្លងឆ្លើយពីសំណាក់អ្នកលេងបណ្តាញសង្គមយ៉ាងរីករាយទៀតផង ។
លើសពីនោះ មិនត្រឹមតែសារលើវីដេអូនោះទេដែលទទួលបានការចាប់អារម្មណ៍ សូម្បីតែការជជែកលេង រវាងអ្នកនាង និង ស្វាមី ព្រមទាំងកូនប្រុសដ៏គួរឲ្យស្រឡាញ់នោះ ក៏ត្រូវបានមហាជនលើកយកមកសរសើរដូចគ្នាដែរ ក៏ព្រោះតែ ឌីជេ ណាណា បាននិយាយ និង បង្រៀនកូនឲ្យហៅនាងថា «ម៉ែ» ។ ក្នុងនោះអ្នកលេងបណ្តាញសង្គមបានសរសើរថានាងបង្រៀនកូនឲ្យហៅអ្នកមានគុណថា «ម៉ែ» ជាពាក្យរបស់ខ្មែរដែលតែងតែប្រើតាំងពីដើមរៀងអើយមក ពិតជាប្រពៃណាស់ ប្រសើរជាងពាក្យបរទេស Momy ដែលតារាមួយចំនួនតែងបង្រៀងកូនឱ្យហៅនោះ ៕