ក្រោយភ្ជាប់ពាក្យ សុផា លីនដា ព្រលយចង់បានកូនប្រលែង!
បើគិតមកដល់ពេលនេះតារាសម្តែង និង ម៉ូដែលរូបស្រស់ សុផា លីនដា បានភ្ជាប់ពាក្យប្រមាណជាងមួយខែហើយជាមួយបុរសសង្ហាដែលជាអណិកជនរស់នៅសហរដ្ឋអាមេរិកលោក កាំង ប៊ុណ្ណា ហើយអ្វីដែលចាប់អារម្មណ៍គ្រាន់តែភ្ជាប់ពាក្យភ្លាម សុផា លីនដា បានព្រលយថាចង់បានកូនប្រលែងលេងដូចគេ ។
ក្រោយពីបានឃើញមិត្តភក្តិមានកូនជាចំណងដៃជាបន្តបន្ទាប់ ពេលនេះតារារូបស្រស់ សុផា លីនដា បាន បង្ហើបថា «ចង់បានមួយនិងគេដែរ» ។ ការលើកឡើងរបស់ សុផា លីនដា ធ្វើឱ្យមានការសង្ស័យថាស្រីស្អាតរូបនេះប្រហែលជាចង់ដើរតាមគន្លងមិត្តភក្តិក្នុងសិល្បៈដោយយកកូនប្រលែងលេងមុនរៀបការតាមប្រពៃណីខ្មែរ ស្របពេលមានការនិយាយថាពេលនេះ សុផា លីនដា និង អនាគតស្វាមីបានរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធ ហើយក្នុងនោះក៏មានការជូនពរពីសំណាក់មិត្តភក្តិជាច្រើនឱ្យនាងបានសម្រេចបំណងផងដែរ ។
គេចាំបានថា សុផា លីនដា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងអណិកជនដែលរស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ០៦ កញ្ញាកន្លងទៅ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន ហើយបើតាមគម្រោងនាងនឹងចូលរោងការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ ។ គេមិនទាន់ច្បាស់ថា ក្រោយរៀបការ សុផា លីនដា នឹងចេញទៅរស់នៅជាមួយស្វាមីឯទឹកដីសហរដ្ឋអាមេរិកឬបែបណាឡើយ ខណៈពេលនេះនាង និង អនាគតស្វាមីបានបើកមុខជំនួញរួមគ្នានៅក្នុងស្រុកដែលកំពុងដំណើរការយ៉ាងល្អប្រសើរ ៕
រូបថត ៖ ហ្វេសប៊ុក