ប្រពៃណាស់! តារាចម្រៀង ៣ រូប បរិច្ចាគថវិកាជួយដល់ប្រជាជនកំពុងរងគ្រោះទឹកជំនន់
ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ គ្រោះទឹកជំនន់បានធ្វើឲ្យប្រជាជនក្នុងប្រទេសកម្ពុជាតាមបណ្តាខេត្តក្រុងមួយចំនួនត្រូវបានបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និង ត្រូវជម្លៀសពីតំបន់គ្រោះថ្នាក់ទៅកាន់ទីទួលមានសុវត្ថិភាព ។ លើសពីនោះ បញ្ហាទឹកជំនន់នេះក៏បានធ្វើឲ្យប្រជាជនជាច្រើនគ្រួសារបានជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃទៀតផង ។
ទន្ទឹមនឹងនោះដោយទឹកចិត្តជួយគ្នាក្នុងគ្រាអាសន្ន កំពូលតារាចម្រៀង ៣ រូប លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និង អ្នកនាង ពេជ្រ សោភា បានបរិច្ចាគថិវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកការជួយដល់ប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះនូវគ្រោះថ្នាក់ទឹកជំនន់ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋរងគ្រោះ ។ នេះបើតាមការឱ្យដឹងពីលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនៅលើគណនីហ្វេសប៊ុក ។
១) លោក ព្រាប សុវត្ថិ ឧបត្ថម្ភអង្ករ ២ តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបង
២) លោក ខេមរៈ សិរីមន្ត បរិច្ចាគថវិកាចំនួន ១.២៥០ ដុល្លារ
៣) អ្នកនាង ពេជ្រ សោភា បរិច្ចាគថវិកា ១.០០០ ដុល្លារ