អបអរសាទរ! Miss Earth 2020 ហេង សុទ្ធនិស្ស័យ ឈ្នះមេដាយមាស ពេលធ្វើបទបង្ហាញជាភាសាអង់គ្លេស (វីដេអូ)
ទោះបីជាកម្មវិធី Miss Earth 2020 ដែលនឹងរៀបចំប្រកួតនៅឯប្រទេសហ្វីលីពីនត្រូវបានផ្អាក ក៏ព្រោះតែការរាតត្បាតកូវីដ ១៩ ក៏ពិតមែន ប៉ុន្តែការប្រកួតកម្មវិធីបវកញ្ញាលំដាប់ពិភពលោកនេះ ក៏នៅតែបន្តប្រព្រឹត្តទៅដូចដើម តាមយៈការប្តូរមករៀបចំប្រកួតវគ្គសមត្ថភាពនានាតាមរយៈការ Online វិញ។
ក្នុងនោះដែរ អ្នករៀបចំកម្មវិធីនេះ បានជ្រើសរើសការប្រកួតសមត្ថភាព និង ចំណេះដឹងមួយដែលបានលើកពីប្រធានបទចំនួន ២ មក ដើម្បីឲ្យ Miss Earth 2020 មកពីបណ្តាប្រទេសនានាចូលរួមធ្វើបទបង្ហាញ។ ប្រធានបទទាំង ២ នោះមានដូចជា «វិទ្យាសាស្ត្រដើម្បីធម្មជាតិ មានផលប្រយោជន៍ចំពោះបរិស្ថាន» និង « ចំណុចសំខាន់នៃកសិកម្ម នៅក្នុងប្រទេសតំបន់អ៉ឺរ៉ុប នាសម័យកាលរាតត្បាតសកល»។
អ្វីដែលគួរឲ្យរំភើបនោះ តាមការធ្វើបទបង្ហាញលើប្រធានបទខាងលើនេះ Miss Earth Cambodia 2020 កញ្ញា ហេង សុទ្ធនិស្ស័យ ក៏បានយកឈ្នះមេដាយមាស ១ ក្នុងចំណោម ៣ ពីវគ្គនេះផងដែរ។ ការទទួលបាននេះដែរ Miss Earth ប្រចាំប្រទេសកម្ពុជា ត្រូវបានមហាជនអ្នកគាំទ្រ និង អ្នកដែលបានទស្សនាវីដេអូបទបង្ហាញរបស់នាង បានសរសើរដល់នាងយ៉ាងខ្លាំងក៏ព្រោះតែ ហេង សុទ្ធនិស្ស័យ មិនត្រឹមតែធ្វើបទបង្ហាញបានយ៉ាងក្បោះក្បាយនោះទេ ប៉ុន្តែនាងប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អឥតខ្ចោះ។
គួរឲ្យដឹងថា មេដាយមាសចំនួន ២ ផ្សេងទៀតនោះ គឺបានទៅលើបេក្ខនារីមកពីប្រទេសចក្រភពអង់គ្លេស មានឈ្មោះ Ella Baker-Roberts និងបេក្ខនារីប្រទេស កាណាដា មានឈ្មោះ Gloren Guelos៕