ចន ច័ន្ទលក្ខិណា ប្រាប់ ទូច ស្រីល័ក្ខ «ស៊ូធ្វើជាប្រពន្ធពេញច្បាប់ដ៏ល្ងង់ តែយើងបានធ្វើជាម្តាយ ដែលកូនខ្វះមិនបាន»
ក្រោយពីការបង្ហោះរូបភាព ឈរនៅមុខសាលាដំបូលរាជធានីភ្នំពេញ និង សារហាក់រៀបរាប់ក្នុងន័យមកស្វែងរកយុត្តិធម៌ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ របស់តារាចម្រៀង ទូច ស្រីល័ក្ខ ហើយនោះ បានធ្វើឲ្យមិត្តសិល្បករជាច្រើន បានចូលរួមបញ្ចេញមតិ និង លើកទឹកចិត្តដល់អ្នកម៉េម៉ាយរូបនេះ ឲ្យតស៊ូបន្តទៀត លើបញ្ហាដែលកំពុងកើតមានឡើងនេះ។
ក្នុងនោះ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចូលរួមផ្តល់កម្លាំងចិត្តដល់ អ្នកនាង ទូច ស្រីល័ក្ខ ដោយបានចែករំលែករូបភាព និង សរសេរសារយ៉ាងវែងអានហើយ ធ្វើឲ្យមហាជនអ្នកគាំទ្រមានអារម្មណ៍កាន់តែអាណិតទៅអ្នកនាង ទូច ស្រីល័ក្ខ ជាពិសេសស្ត្រី ម៉េម៉ាយដែលត្រូវមើលថែទាំងកូនតែម្នាក់ឯងបែបនេះ។ សារនោះដែរ ប្រធានសមាគមសិល្បករខ្មែរ បានផ្តល់កម្លាំងចិត្តបែបនេះថា «បងមិនដឹងរឿងប្អូនទេ ព្រោះមួយរយៈក្រោយមកនេះ ប្អូនព្យាយាមមិននិយាយអ្វីសោះ ហើយបងក៏មិនហ៊ានសួរដេញដោលរឿងផ្ទាល់ខ្លួនរបស់ប្អូនទៀត តែបងសុំលើកកំលាំងចិត្តប្អូន ស៊ូស៊ូអូន»។
លើសពីនេះ អ្នកនាងក៏បានបន្ថែមសារ ហាក់ចង់បញ្ជាក់ពីទុក្ខវេទនា របស់នាមជាស្ត្រី ដែលត្រូវបានបែកបាក់ស្វាមី និង ត្រូវទទួលបន្ទុកលើបញ្ហាមួយចំនួនទៀតថា «វាពិតជាពិបាក និង រងសម្ពាធខ្លាំងសំរាប់មនុស្សស្រីដូចពួកយើង ដែលមិនចេះហែករឿងផ្ទាល់ខ្លួនជាសាធារណៈ រហូតយើងក្លាយជាជនអាក្រក់ក្នុងបញ្ហាបែកបាក់នៃជីវិតគូ។ យើងស៊ូធ្វើជាមនុស្សស្រី ដែលសង្គមមិនឲ្យតំលៃ ជាប្រពន្ធពេញច្បាប់ ដែលគេលើកតម្កើងក្នុងរយៈពេលខ្លី ឬ ប្រពន្ធពេញច្បាប់ដ៏ល្ងង់ ឬ ធ្វើជាល្ងង់ដើម្បីបំភ័ន្តភ្នែកញាត្តិ តែយើងបានធ្វើជាម្តាយ ដែលកូនខ្វះមិនបាន ហើយផ្តល់ការគោរព ស្រលាញ់ និង ស្គាល់ពីគុណតំលៃយ៉ាងច្បាស់ជាក់លាក់ នៃការលះបង់គ្រប់បែបយ៉ាងរបស់យើង សំរាប់ជីវិតគាត់ជាងសង្គម ដែលសំបូរមនុស្សរស់ក្នុងភាពងងឹតនៃការពិចារណា»៕