ទម្លាយប្រវត្តិស្នេហ៍ លោក Nok និង តួអង្គយាយ វរនាថ ផ្ដើមស្នេហ៍ដំបូងៗគឺអ៊ីចឹងសោះ
តារាសម្ដែងជើងចាស់ Chatchai Plengpanich និង ភរិយា Sinjai Plengpanich គឺសុទ្ធតែជាសិល្បករ-ការិនីដ៏ល្បីល្បាញប្រចាំប្រទេសថៃ ហើយរហូតមកដល់បច្ចុប្បន្ន ប្ដីប្រពន្ធអ្នកទាំងពីរក៏នៅតែអាចក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនពីទស្សនិកជន ជាពិសេសពួកគេនៅតែបង្ហាញមុខក្នុងខ្សែភាពយន្តភាគថៃថ្មីៗនេះ សម្ដែងជាតួអង្គឪពុកម្ដាយជារឿយៗ បើទោះបីជាតារាប្រុស Chatchai បច្ចុប្បន្នមានអាយុ ៦០ ឆ្នាំ ចំណែកឯតារាស្រី Sinjai មានវ័យ ៥៥ ឆ្នាំក៏ដោយ ។
ប្ដីប្រពន្ធតារាថៃជើងចាស់ដ៏ល្បីមួយគូនេះ មានឈ្មោះហៅក្រៅថា Nok ដូចគ្នា ដែលមានន័យថាបក្សី ហើយពួកគេទាំងពីរបានរៀបការជាមួយគ្នានៅឆ្នាំ ១៩៨៨ និង ទទួលបានតំណក់ឈាមកូនប្រុស ២ នាក់ និង កូនស្រីម្នាក់ ។
ដោយឡែក បើថយក្រោយទៅមើលប្រវត្តិស្នេហាពីអតីតកាលរបស់តារាប្រុស-ស្រីមួយគូនេះវិញ អាចនិយាយបានថាប្រៀបដូចគូទេវតាប្រទានអ៊ីចឹង ដោយលោក Nok និង អ្នកស្រី Nok បានជួបគ្នាតាមរយៈការសម្ដែងរឿង ពេលនោះពួកគេទាំងពីរសុទ្ធតែក្ដោបបានតំណែងតួឯកដូចគ្នា ។ អ្នកទាំងពីរមានឱកាសជួបគ្នាញឹកញាប់ណាស់ និង សម្ដែងរឿងជាមួយគ្នាច្រើនលើកច្រើនសានៅក្នុងវិស័យកុនមួយនេះ ដល់ទៅ ៤ ឆ្នាំ ទើបពួកគេទាំងពីរសម្រេចចិត្តទាក់ទងគ្នាជាផ្លូវការ ។
បន្ទាប់ពីក្លាយជាគូស្នេហ៍ដ៏ផ្អែមល្ហែម មានភាពស្និទ្ធស្នាលដឹងចិត្តថ្លើមគ្នាទៅវិញទៅមក និង ត្រូវបានទស្សនិកជនពេញចិត្ត យល់ថាជាគូដ៏ស័ក្ដិសម ខណៈតារាប្រុស Chatchai មានទាំងរូបរាងស្រស់សង្ហា និង វង្សត្រកូលគ្រួសារល្អ ចំណែកឯតារាស្រី Sinjai ក៏មានរូបសម្រស់ផូរផង់ដូចផ្កាទៀត គ្រាន់តែទាក់ទងគ្នាបាន ១ ឆ្នាំ ពួកគេក៏សម្រេចចិត្តហៅចាស់ទុំឱ្យចូលស្ដីដណ្ដឹង រៀបចំមង្គលការក្លាយជាប្ដីប្រពន្ធពេញសិទ្ធិ រហូតរស់នៅប្រកបដោយសុភមង្គលដល់បច្ចុប្បន្ន ៕