វណ្ណដា ប្រាថ្នារឿងម្យ៉ាង ក្រោយចែកទានដល់គ្រួសារខ្វះខាត ៨១ គ្រួសារនៅព្រះវិហារ
កម្មវិធី «SKULLសប្បុរសធម៌» ដែលរៀបចំឡើងដោយ វណ្ណដា ក្នុងការបរិច្ចាគគ្រឿងឧបភោគ បរិភោគ ដល់ប្រជាជនខ្វះខាតចំនួន ៨១ គ្រួសារនៅឯខេត្តព្រះវិហារ មានការកោតសរសើរ និង រំភើបចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រពីទឹកចិត្តសប្បុរសធម៌របស់សិល្បកររូបនេះ ជាពិសេសការចូលរួមចំណែកក្នុងនាមជាយុវជនខ្មែរ ដើម្បីកាត់បន្ថយភាពខ្វះខាតរបស់ប្រជាជនខ្មែរ កំឡុងពេលកូវីដ-១៩ ។
យ៉ាងណាមិញ ក្រោយពីបញ្ចប់កម្មវិធីសប្បុរសធម៌ជោគជ័យហើយ តារាចម្រៀងប្រចាំផលិតកម្ម បារមី រូបនេះក៏បានបង្ហោះសារមួយ សុំក្តីប្រាថ្នាតែម្យ៉ាងប៉ុណ្ណោះ ពីការតបស្នងនៃការធ្វើបុណ្យដាក់ទាន របស់លោកនេះ ដោយក្តីប្រាថ្នានោះគឺលោកបានសុំថា «ទានដែលកូនបានធ្វើទាំងអស់សូមឱ្យម៉ាក់ និង ប៉ាឆ្លងផុតពីជំងឺទាំងឡាយ » ។
ក្តីប្រាថ្នានេះដែរ បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត និង លើកសរសើរយ៉ាងខ្លាំងផងដែរ ព្រោះបានបង្ហាញពីភាពកតញ្ញូមួយរបស់តារាចម្រៀង វណ្ណដា ដែលបានធ្វើចំពោះឪពុកម្តាយជាទីស្រឡាញ់របស់ខ្លួន ៕