ភ្ញាក់ផ្អើល ញ៉ែម សុគន្ធ ប៉ះដៃគូចាស់ក្រោយខកខានសម្តែងរួមគ្នា ១៥ឆ្នាំ
ពិតជាមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្រ ក្រោយពីបានឃើញតារាសម្តែងចង្កាព្រែក លោក ញ៉ែម សុគន្ធ បានប៉ះដៃគូចាស់ សឿ សុធារ៉ា ជាថ្មីម្តងទៀត បន្ទាប់អ្នកទាំងពីរខកខានការសម្តែងរួមគ្នា ១៥ ឆ្នាំមកហើយ។
ក្រៅពីពិធីករនៅតាមកញ្ចក់ទូរទស្សន៍ និង កម្មវិធីនានាលោក ញ៉ែម សុគន្ធ នៅតែមានទីផ្សារការងារខ្ពស់ ក្នុងការសម្តែងរឿងដែលថ្មីៗនេះលោកក៏បានលេចមុខនៅក្នុងការសម្តែងរឿងភាគមួយរបស់ទូរទស្សន៍ហង្សមាសផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ លោកត្រូវសម្តែងរួមជាមួយនឹងអ្នកនាង សឿ សុធារ៉ា ជាថ្មីម្តងទៀត ក្រោយខកខានសម្តែងរួមគ្នាជាច្រើនឆ្នាំ ។
ជាមួយនឹងអារម្មណ៍រីករាយតារាសម្តែងសម្បុរស្រអែម រូបនេះបាននិយាយថា «ឥឡូវយើងបានសម្តែងរួមគ្នាជាថ្មី បន្ទាប់ពីរបែកឃ្លាតអស់រយៈកាល ១៥ ឆ្នាំកន្លងយើងទាំងពីរបានសាងស្នាដៃល្បីៗរួមគ្នា ដូចជារឿង« ស្នាមស្នេហ៏សមុទ្ររាម »«ទឹកចិត្តគ្រូបង្រៀន» កុំភ្លេចរង់ចាំទស្សនាស្នាដៃថ្មី អរគុណសំរាប់ការស្រលាញ់»។
ក្រោយប៉ះគ្នាជាថ្មីម្តងទៀតរបស់តារាសម្តែងទាំងពីរនេះ បានធ្វើឱ្យមហាជនមានក្ដីរំភើប និង រីករាយជាខ្លាំង ព្រោះអ្នកទាំងពីរជាតារាសម្តែងដែលក្ដោបបានប្រជាប្រិយភាពខ្ពស់នាពេលកន្លងមក៕
រូបថត ៖ ហ្វេសប៊ុក