មិនទៅណា ក៏តារាថៃ Chompoo តែងខ្លួននៅផ្ទះឡើងស្អាតខ្ញង់ ដូចទៅកម្មវិធី Fashion
កំពូលតារាថៃដ៏មានឥទ្ធិពល Chompoo Araya ក្រៅពីមានទេពកោសល្យផ្នែកសម្ដែងហើយ តារាស្រីរូបនេះក៏ល្បីខាងស្លៀកពាក់ប្លែកៗ តុបតែងខ្លួនបែប Fashion លេចធ្លោលើសគេ ធ្វើឱ្យទស្សនិកជនមួយចំនួនដាក់ឈ្មោះឱ្យនាងថាជាកំពូលអ្នក Fashion ទៀតផង ។
ដ្បិតតែមួយរយៈចុងក្រោយនេះ ការងារបង្ហាញម៉ូដមិនសូវមាន ប៉ុន្ដែក្នុងនាមតារាថៃ Chompoo ជាអ្នក Fashion មួយរូប នាងមិនអាចនៅស្ងៀមបានទេ ។ តួយ៉ាងថ្មីៗនេះ ទោះជាមិនបានទៅចូលរួមកម្មវិធីអ្វី ក៏អ្នកម៉ាក់កូនភ្លោះដ៏ហាយសូររូបនេះ តុបតែងខ្លួនជាមួយឈុតអាវដាំត្បូងភ្លឺចែងចាំងយ៉ាងសិចស៊ី សំពត់ឆែកចេញគល់ភ្លៅសខ្ចី ផាត់មុខ ធ្វើសក់ស្អាតឡើងខ្ញង់ ដើររូបថតកាច់រាងនៅផ្ទះយ៉ាងទាក់ទាញ ។
Chompoo បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមអ៊ីនស្ដ្រាក្រាមផ្លូវការ ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ចំពោះរូបរាងដ៏ស៊ីវិល័យ ទាក់ទាញរបស់នាងយ៉ាងខ្លាំង ដោយតារាស្រីរូបនេះបានលើកឡើងថា រង់ចាំការបង្ហាញម៉ូដរដូវក្ដៅ ២០២១ មកដល់ ៕