ប្លែកណាស់! កូនស្រីសំណព្វ ខៀវ សានសាណា ចង់ចាប់យកអាជីពនេះ ពេលធំឡើង
បើនិយាយពីជីវិតឯកជនរបស់ពិធីការិនីមានប្រជាប្រិយ ខៀវ សានសាណា លោកអ្នកក៏ធ្លាប់បានដឹងហើយថាបច្ចុប្បន្នពិធីការិនីរូបនេះ មានកូនស្រី ១ នាក់ និងប្រុស ១ នាក់ ជាមួយនឹងអតីតស្វាមីរបស់នាង ហើយក្រោយពីលែងលះកូនប្រុសច្បងត្រូវប្រគល់ឱ្យអតីតស្វាមីជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ចំណែកកូនស្រីពៅវិញ គឺនាងជាអ្នកមើលថែផ្ទាល់ដៃ។
បច្ចុប្បន្ន កូនស្រីពៅរបស់ ខៀវ សានសាណា ដែលមានឈ្មោះថា Donna Bowser មានអាយុ ៨ ឆ្នាំ ហើយ ដោយសម្រស់របស់ Donna កាន់តែធំកាន់តែឃ្យូដគួរឲ្យស្រឡាញ់ រីឯមុខមាត់ និង សម្បុរវិញ ស្រស់ស្អាតតាមបែបកូនកាត់ខ្មែរ-កាណាដា ទៀតផង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ កូនស្រីពៅរបស់នាងរូបនេះ ត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទេពកោសល្យនៃការនិយាយភាសាខ្មែរយ៉ាងស្ទាត់ ក៏ដូចជាចំណូលចិត្តនៃការរាំរបស់នាងតូច Donna ដែលតែងបង្ហាញនៅលើគណនី Tik Tok ផ្ទាល់ខ្លួនមានឈ្មោះថា Donna 0414។
ទន្ទឹមនឹងគ្នានោះ កាលពីខែសីហាកន្លងទៅ នៅក្នុងវគ្គមួយនៃកម្មវិធី 3 Fun ក្នុងកិច្ចសំភាសន៍រវាង ខៀវ សានសាណា និង កូនស្រី ជាមួយនឹងពិធីករ ពិធីការិនី បានធ្វើឲ្យមហាជន និង ខៀវ សានសាណា ផ្ទាល់នឹកស្មានមិនដល់បន្ទាប់ពី Donna បានប្រាប់ពីក្តីស្រមៃនាងនៅពេលធំឡើង គឺចង់ក្លាយទៅជា តារាកំប្លែង និង តារាសម្តែង។ ក្នុងនោះ Donna បានធ្វើឲ្យអ្នកទស្សនាអស់សំណើចខ្លះដែរ ដែលកូនកាត់បរទេសដ៏ស្រស់ស្អាតរូបនេះ បែរជាមានក្តីស្រមៃប្លែក ចង់ធ្វើជាតារាកំប្លែង ដែលខុសប្លែកពីអ្នកម្តាយដែលជាពិធីការិនីទៅវិញ៕