ច្បាស់ការហើយ ព្រាប សុវត្ថិ សម្រេចចិត្តផ្លាស់ទៅទ្រនំថ្មីមែន ក្រោយនៅហង្សមាសអស់ ២៣ ឆ្នាំ
តារាចម្រៀង ព្រាប សុវត្ថិ បានចាប់កំណើតក្នុងពិភពសិល្បៈផ្នែកចម្រៀងក្នុងឆ្នាំ ១៩៩៤ ប៉ុន្តែលោកបានក្លាយជាតារាចម្រៀងអាជីព និង ល្បីឈ្មោះ បន្ទាប់ពីតារារូបនេះបានចូលរួមរស់ក្នុងទ្រនំយក្សរស្មីហង្សមាសក្នុងឆ្នាំ ១៩៩៧ ។
នៅក្នុងផលិតកម្មរស្មីហង្សមាស តារាចម្រៀង ព្រាប សុវត្ថិ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងត្រឹមរយៈពេលខ្លី តាមរយៈការចេញអាល់ប៊ុមទោលទី ១ គឺបទខ្សែរជីវិត និង បទឆ្លងឆ្លើយល្បីរបស់លោកជាមួយអ្នកស្រី ហុឹម ស៊ីវន ក្នុងបទទី ២ គឺបទហែកបេះដូង ។
ពីមួយឆ្នាំទៅមួយឆ្នាំ កេរ្តិ៍ឈ្មោះរបស់តារាចម្រៀង ព្រាប សុវត្ថិ បានបន្តសាយភាព និង ល្បីរន្ទឺកាន់តែខ្លាំងឡើងបន្ទាប់ពីតារាចម្រៀងប្រុសរូបនេះបានចេញបទចម្រៀងជាបន្តបន្ទាប់ រហូតធ្វើឱ្យលោកបានក្លាយជាតារាចម្រៀងបុរសលំដាប់លេខ ១ និង កំពូលប្រចាំប្រទេសកម្ពុជា ដែលគិតមកដល់ពេលបច្ចុប្បន្ននេះគឺរយៈពេលជាង ២ ទសវត្សរ៍ហើយ ក្រោមដំបូលផលិតកម្មគ្រាក់ រស្មីហង្សមាស ។
យ៉ាងណាមិញ ថ្មីៗនេះមានព័ត៌មានថា តារាចម្រៀង ព្រាប សុវត្ថិ បានសម្រេចចិត្តផ្លាស់ប្តូរទ្រនំថ្មី ដោយប្តូរពីផលិតកម្មហង្សមាសទីសុខសាន្ត ទៅរួមរស់នឹងផលិតកម្មថ្មីមួយទៀតដែលទើបបង្កើតឡើង មានឈ្មោះ Galaxy Navatra របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា វិញ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ឆ្លើយតបជាមួយព័ត៌មានក្តៅនេះ បើតាមការបញ្ជាក់លោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra ដែលផ្តល់ឱ្យអង្គភាពព័ត៌មាន Fresh News Plus នៅរាត្រីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ បានឱ្យដឹងថា លោក ព្រាប សុវត្ថិ បានសម្រេចចិត្តចូលមកផលិតកម្ម Galaxy Navatra ជាមួយកុងត្រារយៈពេល ៥ ឆ្នាំ ។
ការសម្រេចចិត្តទៅរួមរស់នឹងផលិតកម្មថ្មី Galaxy Navatra ក្រោយពីលោក ព្រាប សុវត្ថិ បានឈរជើងយ៉ាងរឹងមាំនៅផលិតកម្មរស្មីហង្សមាសអស់រយៈពេល ២៣ ឆ្នាំត្រឹម គិតចាប់តាំងពីឆ្នាំ ១៩៩៧ មកនោះ ។
សម្រាប់មូលហេតុនៃការផ្លាស់ប្តូរទ្រនំថ្មីនេះ មិនត្រូវបានគេទម្លាយនៅឡើយទេ ដោយរង់ចាំសន្និសីទកាសែតថ្ងៃទី ២៥ ខែសីហាខាងមុខ ទើបអាចបញ្ជាក់ច្បាស់ ៕