តារាស្រី ៤ ដួងនេះ ធ្លាប់សម្ដែងតួឯកបែបកំប្លែង អ្នកគាំទ្រភ្លូកទឹកភ្លូកដី
គ្រប់រសជាតិសម្តែង សើច យំ កើតទុក្ខ សប្បាយ ស្លូត កាចឆ្នាសឆ្នើម សុទ្ធតែជាទេពកោសល្យសម្តែងប្លែកៗរបស់តារា ដែលនេះគឺជាសិល្បៈសម្តែងមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន មិនតែប៉ុណ្ណោះការសម្តែងតួឡប់ៗ ឆ្កួតៗ ដែលជាការសម្តែងមួយអាចថាពិបាកនោះក៏មានតារាខ្លះអាចសម្តែងបានយ៉ាងប៉ិនប្រសប់ រហូតដល់មានការកោតសរសើរពីមហាជនទៀតផង ។ ចង់ដឹងទេថាតារាសម្តែងល្បីណាខ្លះដែលពូកែសម្តែងតួកំប្លែងៗ តាមដានទាំងអ់ស់គ្នា ៖
១. នី មុល្លីកា
ទោះបីជានាងស្ងប់ស្ងាត់ក្នុងអាជីពសិល្បៈក្រោយរៀបការប្តី និង បានចេញទៅរស់នៅឯនាយសមុទ្រយ៉ាងណាក៏ដោយ ប៉ុន្តែទស្សនិកជននៅតែមិនអាចបំភ្លេចពីទេពកោសល្យសម្តែងរបស់នាងបាននៅឡើយ ។ នាង កណ្តូប គឺជាឈ្មោះតួអង្គដែលនាងសម្តែងក្នុងរឿង «កុមារី ២៥ ឆ្នាំ» ហើយរឿងនេះទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនទៅលើការសម្តែងយ៉ាងក្រមិចក្រមើម ម្ញ៉ិកម្ញ៉ក់ ក្និកក្នក់គួរឱ្យក្នាញ់របស់នាង រហូតធ្វើឱ្យគេសើចមិនដឹងខ្លួនទៅនឹងពាក្យសម្តីម្ញ៉ែម្ញ៉ដែលនាងនិយាយដូចជាថា «ពូៗ កណ្តូប ចង់ញ៉ាំហត់ដកពូ» ជាដើម ហើយមកដល់ពេលនេះការធ្វើត្រាប់តាមសំឡេងនាង កណ្តូប ក៏នៅតែជាចំណាប់អារម្មណ៍របស់ទស្សនិកជននៅឡើយ ។ គួរឱ្យដឹងដែរថា ពេលនេះតារាស្រីរូបនេះបានវិលមកកាន់ការសម្តែងវិញហើយជាមួយរឿង «កុមារី ២៥ ឆ្នាំ» វគ្គ ៣ ។
២. សារាយ សក្ខណា
កន្លងមក សារាយ សក្ខណា ក៏មិនធម្មតាដែរ តួស្លូត កាចឆ្នាស ខ្មោច ឈ្នានីស សុទ្ធតែនាងសម្តែងបានយ៉ាងងាយ រឿងអីត្រឹមតួឡប់ៗនាងសម្តែងមិនបាននោះ ។ តាមរយៈរឿង «កុមារី ២៥ វគ្គ ២» អ្នកម្តាយកូនមួយ សារាយ សក្ខណា សម្តែងគ្មានទាស់ត្រង់ណាឡើយ ភាពក្រមិចក្រមើម ការនិយាយជាសំឡេងរំអែររំអួយមានលក្ខណៈជាក្មេងស្រី និង ចរិតឫកពា គឺធ្វើឱ្យទស្សនិកជនសើចមិនស្ទើរឡើយ ។ រីឯក្នុងរឿង «ក្រឡអីហ្នឹង!» ទាំងវគ្គ ១ និង វគ្គ ២ ឃើញថានាងចូលតួបានល្អណាស់ដែរ ទាំងការធ្វើមុខធ្វើមាត់ និង ស្ទីលលងគឺគួរឱ្យចង់សើចរបស់នាង ។
៣. ដាញ់ មូល្លីកា
ដាញ់ មូល្លីកា គឺជាតួសម្តែងស្រីម្នាក់ល្បីល្បាញខ្លាំងក្នុងរឿង «ទុំទាវ» កន្លងមកគេស្គាល់តារាសម្តែងរូបនេះក្នុងតួបែបស្រគត់ស្រគំ កម្សត់ ទឹកភ្នែកប៉ុណ្ណោះ ពេលតម្រូវឱ្យនាងសម្តែងជាតួអង្គកាចឆ្នាសឆ្នើមនោះក៏នាងនៅតែសម្តែងបានល្អ សូម្បីតែតួឡប់ៗក៏នាងអាចធ្វើបានយ៉ាងឥតខ្ចោះផងដែរ ។ នាង កែវ ណាម៉ា ធីតាមុខសេះ ជាឈ្មោះតួអង្គ ដាញ់ មូល្លីកា សម្តែងក្នុងរឿងភាគនិទានបុរាណខ្មែរ ។ ចំពោះទេពកោសល្យសម្តែងមានឫកពាជាសេះរបស់នាងពិតជាដូច និង ស័ក្តិសមខ្លាំងណាស់ រីឯភាពក្រមិចក្រមើម ក្រឡាលេងបែបឡប់ៗរបស់នាងទៀតសោតគឺកម្រមានអ្នកសិល្បៈណាធ្វើបានដែរ ។
៤. កែវ នីសា
តារាសម្តែងមានសម្រស់ស្រស់ស្អាត កែវ នីសា ឯណេះក៏កូរមិនអន់ដែរតាមរយៈរឿងភាគមួយរបស់ស្ថានីយទូរទស្សន៍បាយ័ន ដែលនាងសម្តែងជាតួអង្គមានចរិតលក្ខណៈពីរបែបគឺសុភាពជាកូនអ្នកមាន និង មួយទៀតជាក្លែងធ្វើជាអ្នកបម្រើដែលមានស្បែកខ្មៅ សក់ក្រញាញ់ ធ្មេញសស្ញេញ ។ មើលទៅការសម្តែងរបស់នាងជាតួឡប់ៗក្នុងសាច់រឿងគឺរលៀមខ្លាំងណាស់ ទាំងទឹកមុខ កាយវិការ កូរគ្មានលស់ពេលឡើយដោយសារចរិតឡប់ៗនិយាយរដឺនៗ និង ការតុបតែងខ្លួនបែបអ្នកជនបទទៀតនោះរឹតតែធ្វើឱ្យការសម្តែងរបស់នាងស័ក្តិសមទ្វេដង ៕