ចាប់អាជីព ១០, ២០ ឆ្នាំរៀងខ្លួន តារាប្រុស ៤ រូបរបស់ហង្សមាស នៅតែមានឥទ្ធិពលខ្លាំង
ធ្មេចបើកៗកន្លងផុតមួយឆ្នាំទៀតហើយ ប៉ុន្តែបើងាកមើលតារាចម្រៀងប្រុសៗចាស់វស្សាប៉ុន្មានដួងប្រចាំផលិតកម្មរស្មីហង្សមាសមិនចាស់ទាល់តែសោះ ហើយបើនិយាយពីប្រជាប្រិយភាពវិញកាន់តែកើនឡើង និង ខ្លាំងក្លាជាលំដាប់ ពោលគឺនៅតែមានឥទ្ធពលខ្លាំងក្នុងស្រទាប់មហាជនសម្រាប់អាជីពចម្រៀង និង វិស័យសិល្បៈនេះ ។ តើតារាចម្រៀងប្រុសចាស់វស្សាណាខ្លះ ដែលនៅតែខ្លាំងនោះ? តោះមកតាមដានជាមួយ «ប្រជាប្រិយ» ទាំងអស់គ្នា ៖
១. តារាចម្រៀង ណុប បាយ៉ារិទ្ធ
រយៈពេលជាង ២០ ឆ្នាំក្នុងវិស័យចម្រៀងនេះ លោកបានបំភាយកេរ្តិ៍ឈ្មោះល្បីល្បាញមិនស្ទើរឡើយ ហើយរហូតមកដល់សព្វថ្ងៃនេះតារាចម្រៀងប្រុសវ័យ ៣០ ឆ្នាំផ្លាយរូបនេះ ក៏នៅតែក្តោបទទួលបានភាពល្បីល្បាញមិនប្រែប្រួលដដែលពីមហាជន ។ ជាក់ស្តែងដោយសារតែបទពិសោធ និង កេរ្តិ៍ឈ្មោះល្អក្នុងវិស័យចម្រៀង តារាចម្រៀង ណុប បាយ៉ារិទ្ធ ទទួលបានការអញ្ជើញធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកជាហូរហែ ។
២. តារាចម្រៀង ខេមរៈ សិរីមន្ត
ចំពោះតារាចម្រៀង ខេមរៈ សិរីមន្ត វិញក៏ខ្លាំងមិនធម្មតាដែរ ប្រជាប្រិយភាពលោកកាន់តែកើនឡើងជាលំដាប់ ជាពិសេសចុងក្រោយនេះ បន្ទាប់លោកបានចាប់ដៃគូច្រៀងក្នុងបទចម្រៀងថ្មីៗជាមួយតារាចម្រៀងស្រី ពេជ្រ សោភា កាន់តែធ្វើលើកឡើងខ្ពស់មួយកម្រិតទៀត ដែលបានស្តែងឱ្យឃើញពីភាពខ្លាំងក្លារបស់លោកក្នុងវិស័យមួយនេះ ។ មានបទចម្រៀងរបស់តារាចម្រៀង ខេមរៈសិរីមន្ត ជាច្រើនបានផ្ទុះកក្រើកក្នុងឆ្នាំ ២០១៩ នេះដូចជា «ស្ទឹងត្រែងបងអើយ» និង បទថ្មីៗជាច្រើនទៀត។
៣. តារាចម្រៀង ឆន សុវណ្ណារាជ
ងាកមកមើលតារាចម្រៀងសំឡេងស្រទន់ ឆន សុវណ្ណារាជ ក៏នៅតែជាទីចាប់អារម្មណ៍របស់មហាជនអ្នកគាំទ្រគ្មានប្រែបន្តិច បើទោះបីមានសិស្សប្អូនជំនាន់ក្រោយមួយចំនួនមានសំឡេងស្រដៀងលោកក្តី ប៉ុន្តែនៅតែមិនទាន់ផ្តួលលោកបានដដែល ។ ប្រជាប្រិយភាពតារាចម្រៀងប្រុសរូបនេះនៅតែត្រូវបានមហាជនកត់ទុកក្នុងចិត្ត ហើយរាល់បទចម្រៀងរបស់លោកទៀតសោតក៏ត្រូវបានគេលើកយកមកច្រៀងជាហូរហែដោយសារតែមានភាពពីរោះ និង ត្រូវចិត្តយុវវ័យភាគច្រើន ។ ភាពល្បីល្បាញរបស់លោកបានធ្វើឱ្យលោកចាប់បានដំណែងជាគណៈកម្មការកម្មវិធីប្រឡងចម្រៀងពិភពលោកផងដែរ ។
៤. តារាចម្រៀង ហ្សូណូ
សម្រាប់តារាចម្រៀងបែបយុវវ័យទាន់សម័យ ហ្សូណូ វិញក៏មិនណយដែរ ប្រឡូកក្នុងអាជីពនេះកាន់តែយូរឆ្នាំកាន់តែមានឈ្មោះបោះសំឡេងឡើង មិនត្រឹមតែក្តោបបានប្រជាប្រិយភាពពីវិស័យចម្រៀងប៉ុណ្ណោះទេ លោកក៏ទទួលបានការគាំទ្រខ្លាំងតាមរយៈការសម្តែងរឿងភាគល្បីៗដែលចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ហង្សមាសទៀតផង ។ ទាំងនេះហើយដែលធ្វើឱ្យលោក ហ្សូណូ កាន់តែមានឈ្មោះត្រដែតត្រដឹមខ្លាំងឡើងក្នុងវិស័យសិល្បៈដែលទទួលបានពីមហាជន ៕