ផ្ទុះការភ្ញាក់ផ្អើល! ប៉ុន្មានថ្ងៃមុននៅឥណ្ឌូនេស៊ី មានការដាក់រូបតុក្កតាយក្សមួយ នៅប្រាសាទប្រាំបាណន់
នាពេលថ្មីៗនេះ មហាជនហាក់មានការចាប់អារម្មណជាខ្លាំង ចំពោះរូបភាពជាច្រើនសន្លឹក ដែលត្រូវបានចែករំលែករូបភាពតុក្កតាយក្សមួយមានពណ៌ផ្កាឈូក ដែលត្រូវបានដាក់តាំងនៅក្នុងបរិវេណប្រាសាទប្រាំបាណន់ (Prambanan) ក្នុងប្រទេសឥណ្ឌូនេស៊ី។
យ៉ាងណាមិញ យោងតាមគេហទំព័រសារព័ត៌មាន Yogyakarta បានឱ្យដឹងថា រូបចម្លាក់នេះគឺជាផ្នែកមួយនៃប្រភេទតុក្កតា KAWS: HOLIDAY ដែលត្រូវបានដាក់តាំងពិព័រណ៍ទេសចរណ៍ពិភពលោក ដោយក្រុមហ៊ុន Donnelly ដោយត្រូវបានយកមកដាក់តាំងឱ្យអ្នកទស្សនាអាចថតរូបលេងបានដោយសេរី នៅប្រាសាទប្រាំបាណន់ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា តុក្កតា KAW ពណ៌ផ្កាឈូកដ៏ធំនេះ មានប្រវែង ៤៥ ម៉ែត្រ និង កម្ពស់ ១៥ ម៉ែត្រ ដែលត្រូវបានគេស្គាល់ថា «ACCOMPLICE» និង បានចេញផ្សាយជាលើកដំបូងកាលឆ្នាំ ២០០២ ហើយរូបតុក្កតានេះដែរ ត្រូវបានដាក់តាំងក្នុងគោលបំណង បង្កើនភាពទាក់ទាញបន្ថែមដល់បរិវេណប្រាសាទប្រាំបាណន់ (Prambanan) ដោយអនុញ្ញាតឱ្យចូលទស្សនា និង ថតរូបលេងកម្សាន្តចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។
គួរដឹងដែរថា ដើម្បីទទួលបានការចូលទៅទស្សនា និង ថតរូបជាមួយរូបតុក្កតានេះ អ្នកទស្សនាទាំងអស់ គ្រាន់តែទិញសំបុត្រចូលទស្សនាធម្មតាសម្រាប់បរិវេណប្រាសាទប្រាំបាណន់ (Prambanan) ដែលជាប្រាសាទហិណ្ឌូដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី និង ជាបេតិកភណ្ឌពិភពលោកមួយរបស់អង្គការយូណេស្កូ។ ចំណែកឯការជ្រើសរើសពណ៌ផ្កាឈូកនេះដែរ ត្រូវបានគេដឹងថា ដោយសារតែពណ៌នេះផ្ទុយនឹងទេសភាពនៃប្រាសាទប្រាំបាណន់ (Prambanan) និង ពណ៌បៃតងនៃដើមឈើជុំវិញនោះ ដែលមើលទៅមានពណ៌លេចឆ្លុះគួរជាទីចាប់អារម្មណ៍។
គួរបញ្ជាក់ដែរថា ការដាក់តាំងពិព័រណ៍តុក្កតា KAW នេះដែរ បានបើកដំណើរការដំបូងកាលពីឆ្នាំ ២០១៨ កន្លងទៅ ដោយផ្តើមពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង រហូតទៅកាន់តៃវ៉ាន់ ហុងកុង តូក្យូ ចក្រភពអង់គ្លេស សិង្ហបុរី និង អូស្ត្រាលី ហើយការដាក់តាំងតុក្កតានេះ ក៏មានគោលបំណងបញ្ចូលគ្នាដ៏គួរឱ្យចាប់អារម្មណ៍នៃសិល្បៈសម័យទំនើប និង បេតិកភណ្ឌប្រវត្តិសាស្ត្រក្នុងបរិវេណប្រាសាទប្រាំបាណន់ (Prambanan) ដែលផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍ពិសេសថ្មីមួយ នៃការច្នៃប្រឌិតបែបសហសម័យ៕
ប្រភព ៖ Yogyakarta News