ខឹងចិត្តប្រុសពិតមើលងាយថាជាភេទទី ៣ មានអីណាត់គ្នាវាយមួយស្មើ ចុងក្រោយប្រុសពិតទ្រោមខ្លួន
ដ្បិតថាបច្ចុប្បន្នមនុស្សមួយចំនួនធំបានចូលរួមលុបបំបាត់ការរើសអើងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬ ក្រុម LGBTQ+ ក្នុងសង្គមក៏ដោយ ក៏នៅមានក្រុមមនុស្សមួយចំនួនទៀតនៅតែប្រកាន់គំនិតរើសអើងមើលងាយដដែល ហាក់មិនទាន់បើកចិត្តឱ្យបានទូលាយនោះទេ។
តួយ៉ាង ថ្មីៗនេះ មានករណីមួយកើតឡើងក្នុងប្រទេសថៃកំពុងតែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ ដោយមាននារីភេទទី ៣ ម្នាក់ឈ្មោះថា Ping ត្រូវបានប្រុសម្នាក់មើលងាយ ដៀលដៀមដាមហាក់មិនឱ្យតម្លៃឡើយ។ ក្នុងនោះព្រោះតែឈឺចាប់នឹងពាក្យសម្ដីមើលងាយមើលថោកពេក Ping ដែលជាភេទទី ៣ នោះបានណាត់បុរសម្នាក់នោះដើម្បីបើកឆាកប្រដាល់ឱ្យដឹងគ្នាថាភេទទី ៣ ក៏មានតម្លៃនឹងកិត្តិយសដែរ ណាមួយចង់វាយគ្នាឱ្យដឹងឈ្នះដឹងចាញ់។
ក្នុងនោះ តាមរយៈវីដេអូប្រដាល់គ្នា គេឃើញថា Ping ដែលជាភេទទី ៣ បានស៊ូអស់កម្លាំងកាយចិត្ត វាយផង តប់ផង ប្រើកែង ប្រើជង្គង់វាយទៅកាន់បុរសដែលមើលងាយនោះរហូតបានជ័យជម្នះ ដោយភាគីខាងប្រុសឈាមច្រមុះបន្តវាយទៀតលែងបាន ហើយក៏បញ្ចប់ជម្លោះដោយឈប់មើលងាយនារីភេទទី ៣ ទៀត។ ងាកទៅមើល មហាជនវិញ ម្នាក់ៗបានផ្តល់កម្លាំងចិត្តដល់អូន Ping គ្រប់គ្នា ព្រោះនាងធ្វើដើម្បីការពារសិទ្ធិរបស់ខ្លួន ដ្បិតនាងជាភេទទី ៣ ក៏ដោយក៏មិនឱ្យនរណាម្នាក់មើលងាយដែរ ដោយហេតុមនុស្សម្នាក់ៗសុទ្ធតែមានតម្លៃរៀងខ្លួន៕