ប្រវត្តិសាស្ត្រ! កីឡាករ Esports ផ្នែកខាង MLBB ខ្មែរ ២ រូប ធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីរន្ទឺដល់ឆាកអន្តរជាតិ
ជារឿងគួរឱ្យរំភើប និង មានមោទកភាពបំផុតសម្រាប់វិស័យកីឡាអេឡិចត្រូនិច ឬ Esport ដែលមួយរយៈចុងក្រោយនេះ មហាជនអ្នកគាំទ្របានសង្កេតឃើញថា កីឡាករខ្មែរពោរពេញដោយសមត្ថភាពជាច្រើនរូប បានតំណាងប្រទេសកម្ពុជាចេញបង្ហាញថ្វីដៃ ជាពិសេសក្នុងវិញ្ញាសា Mobile Legends : Bang Bang (MLBB) រហូតល្បីរន្ទឺដល់ក្រៅប្រទេសតែម្ដង។
ជាក់ស្ដែង នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នេះ យោងតាមគណនីផេកផ្លូវការលីគ Esport ក្នុងប្រទេសកម្ពុជា «MPL Cambodia» និង ផេកផ្លូវការ «Mobile Legends Esports» បានបង្ហោះរូបភាពព្រមទាំងប្រកាសបេក្ខភាពកីឡាករ Esport ខ្មែរពីររូប ពោលគឺ Ccat កីឡាករដៃ Mid Lane ដ៏ឆ្នើមរបស់ក្រុម Burn X Flash និង Felix កីឡាករ EXP Lane របស់ក្រុម See You Soon ចូលទៅក្នុងបញ្ជីរង្វាន់ M Series 5th Anniversary «The Greatest 10 Players»។
គួរឱ្យដឹងផងដែរថា Ccat និង Felix នឹងត្រូវបានអ្នកគាំទ្ររបស់ MLBB ជុំវិញពិភពលោកបោះឆ្នោត ដើម្បីជ្រើសរើសជាអ្នកលេងដ៏ឆ្នើមក្នុងចំណោមកីឡាករទាំង ១០ ដែលគេបានប្រកាសជាបេក្ខភាព «The Greatest 10 Players» នៅថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ២០២៣ ខាងមុខ។ រីឯលទ្ធផល ឬ ម្ចាស់ជ័យលាភីនឹងប្រកាសជាផ្លូវការនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងកម្មវិធី M Series 5th Anniversary Awards Ceremony៕